(ព្រៃវែង)៖ លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ជំរុញអាជ្ញាធរពាក់ព័ន្ធត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានអនាម័យរបស់ក្រសួងសុខាភិបាល បីការពារ បីកុំ និងបង្កើនការការពារទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
ក្នុងឱកាសជួបសំណេះសំណាលជាមួយ អ្នកចូលរួមពិធីមង្គលការកាលពីថ្ងៃទី១៧ ខែកុម្ភៈ ខណៈមានអ្នកវិជ្ជមានកូវីដម្នាក់ដែលមកចូលរួមពិធីនោះដែរ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោករដ្ឋមន្ដ្រី វង សូត បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក្រុមគ្រូពេទ្យ ក្នុងមូលដ្ឋាន ការតាមដានបញ្ហាសុខភាពជាប្រចាំ ដើម្បីជៀសឆ្ងាយពីជំងឺឆ្លងដ៏កាចសាហាវមួយនេះ។
បន្ថែមពីនេះ រដ្ឋមន្ត្រី វង សូត បានស្នើសុំឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសុខភាពឲ្យបានល្អប្រសើរ និងកុំរើសអើងគ្នា។ ក្នុងឱកាសនោះ លោក វង សូត ក៏បាននាំនូវសម្ភារ ស្បៀងអាហារ ថ្នាំសង្កូវមកចែកជូនអ្នកសង្ស័យ និងកំពុងតាមដានសុខភាពនៅតាមមណ្ឌលចត្តាឡីស័កផងដែរ។
សូមជម្រាបថា ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង អ្នកដែលប៉ះពាល់ដោយប្រយោល និងផ្ទាល់សរុបប្រមាណជាង៧០០នាក់ ដោយក្នុងនោះ អ្នកដែលមានការសង្ស័យប៉ះពាល់កម្រិតខ្ពស់សរុបប្រមាណ១២នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលសាលាបឋមសិក្សា ស ខេង ទួលសង្កែ ឃុំជាច ស្រុកកំចាយមារ ហើយអ្នកដែលសង្ស័យប៉ះពាល់ប្រយោលកម្រិតស្រាល ត្រូវបានធ្វើការថែរទាំតាមដានសុខភាពនៅតាមខ្នងផ្ទះរៀងខ្លួន៕