(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា ខ្លួននៅតែផ្តល់ក្តីសង្ឃឹមដល់រដ្ឋាភិបាលទីម័រខាងកើត សម្រាប់ការនាំចេញអង្ករទៅកាន់ប្រទេសនេះ ដើម្បីទប់ស្កាត់បញ្ហាកង្វះខាតស្បៀងអាហារ តាមការស្នើសុំពីទីម័រខាងកើត កាលពីឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។
ការប្រកាសខាងលើបានធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបជាមួយ លោកស្រី អាដាល់ជីស្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទីម័រខាងកើត តាមប្រព័ន្ធវីដេអូ។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះ៖ «លោក ប្រាក់ សុខុន បានជម្រាបជូនសមភាគីថា កម្ពុជានៅតែបើកចំហរសម្រាប់ការពិភាក្សាលើការនាំចេញអង្ករទៅប្រទេសទីម័រខាងកើត តាមការស្នើសុំរបស់ទីម័រខាងកើត កាលពីឆ្នាំ២០២០ និងថា អង្ករកម្ពុជាត្រូវបានគេស្គាល់ទូទាំងពិភពលោកថា ជាអង្ករមានគុណភាពខ្ពស់»។
សូមរម្លឹកថា កាលពីខែមេសា ឆ្នាំ២០២០ ទីម័រខាងកើត បានស្នើសុំកម្ពុជាឲ្យនាំចេញអង្ករទៅកាន់ប្រទេសរបស់ខ្លួន ដើម្បីទប់ស្កាត់បញ្ហាកង្វះខាតស្បៀង ក្នុងប្រទេសមួយនេះ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា អង្ករកម្ពុជាប្រមាណ ៣ម៉ឺនតោន បានត្រៀមរួចរាល់ហើយ សម្រាប់ទីម័រខាងកើត ហើយលោក អើមេនេហ្គីលដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតទីម័រខាងកើតប្រចាំនៅកម្ពុជា ធ្លាប់បានអះអាងថា ប្រទេសខ្លួនកំពុងមានបញ្ហាផ្នែកនយោបាយ តែនៅពេលបញ្ហានយោបាយត្រូវបានដោះស្រាយបញ្ចប់ នឹងពិនិត្យលទ្ធភាពនាំអង្ករកម្ពុជាទៅកាន់ទីផ្សាររបស់ខ្លួនភ្លាម៕