(ឧត្តរមានជ័យ)៖ លោក ចន ចាន់ អាយុ៤២ឆ្នាំ មានភរិយាឈ្មោះ គឹម ស្រីមុំ អាយុ៣០ឆ្នាំ មានកូនតូចៗ៣នាក់ ក្នុងបន្ទុក រស់នៅភូមិមានជ័យ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានបង្ហាញពីភាពជោគជ័យ ក្នុងអាជីពភ្ញាស់ពូជកូនបង្កងអូស្ត្រាលីលក់ ដោយក្នុងមួយឆ្នាំគាត់អាចរកថវិកាបានជាង ៧,០០០ដុល្លារ។

អតីតមន្រ្តីយោធាលោក ចន ចាន់ បានថ្លែងដឹងថា «ការជ្រើសរើសអាជីពចិញ្ចឹមបង្កងអូស្ត្រាលី ភ្ញាស់យកកូនលក់នេះ គឺមានភាពងាយស្រួលណាស់ ដោយយើងមិនចំណាយពេលវាលាច្រើននោះទេ ដោយមុនដំបូងយើងត្រូវរៀបចំ កន្លែងឱ្យបានច្បាស់លាស់ តាំងពីកន្លែងបង្កាត់បង្កង កន្លែងបង្កងពង កន្លែងភ្ញាស់បង្កង និងស្រះសម្រាប់ព្រលែងកូនបង្កង ដោយក្នុងនោះយើងក៏ត្រូវរៀបចំទឹកឱ្យបានត្រឹមត្រូវតាមស្តង់ដាផងដែរ»

លោកបានគូសបញ្ជាក់ថា «កូនបង្កង គឺយើងអាចភ្ញាស់ត្រឹមរយៈពេល៦ ទៅ៧សប្តាហ៍ បន្ទាប់ពីភ្ញាស់បានរយៈពេល ៤៥ថ្ងៃ យើងអាចចាប់កូនបង្កងយកទៅដាក់តាមស្រះដែលយើងរៀបចំ ហើយយើងក៏អាចលក់បានហើយដែរ ជាមធ្យមកូនបង្កងមួយគាត់អាចលក់បានតម្លៃ ២០០០រៀល និងតម្លៃអាចថ្លៃជាងនេះទៀត ទៅតាមរយៈពេលដែលយើងចិញ្ចឹម ដោយសរុបក្នុងមួយឆ្នាំគាត់អាចលក់កូនបង្កងអូស្ត្រាលី បានចំណូលប្រមាណជាង ៧,០០០ពាន់ដុល្លារ»

លោក ចន ចាន់ បានបញ្ជាក់ថា លោកជាមន្ត្រីយោធាចូលនិវត្តន៍ ដែលកាលនោះលោកបម្រើនៅអង្គភាពកងវិស្វកម្មកងឯកភាព៧១៤ គឺលោកចូលចិត្តជំនាញកសិកម្មនេះណាស់ គួបផ្សុំជំនាញពីធម្មជាតិលើផ្នែកកសិកម្ម និងការយកចិត្តទុកដាក់រៀនសូត្រ និងសួរនាំគេឯងផងនោះ លោកមិនត្រឹមតែចេះបច្ចេកទេកទេសការចិញ្ចឹមបង្កងអូស្ត្រាលី ភ្ញាស់យកកូនលក់នោះទេ គឺលោកចេះទាំងផ្នែកដាំដុះដំណាំកសិកម្មផ្សេងៗ និងការចិញ្ចឹមត្រីផងដែរ។

ជាមួយគ្នានេះដែរ លោកក៏សូមអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលមានបំណងចង់ទិញកូនបង្កងយកទៅចិញ្ចឹមអាចទំនាក់ទំនងមកលោកបានតាមលេខទូរស័ព្ទលេខ៖ ០៨៨ ៨០៩ ១២៣៤ ឬមួយក៏ចង់ចេះដឹងពីបច្ចេកទេស ចិញ្ចឹមបង្កងអូស្ត្រាលី ភ្ញាស់យកកូនលក់ អាចមករៀនសូត្រពីលោកបាន គឺលោកមិនយកលុយថ្លៃឈ្នួលបង្រៀននោះទេ ហើយពេលដែលរៀនចេះទោះមិនទិញកូនបង្កងរបស់គាត់យកទៅចិញ្ចឹមក៏គាត់មិនថាអីដែរ សំខាន់លោកចង់ឱ្យប្រជាពលរដ្ឋយើងចេះដឹងឱ្យបានច្រើនគ្នា៕