(តាកែវ)៖ ថ្លែងនៅក្នុងពិធីបញ្ចុះខ័ណ្ឌសីមា និងសម្ពោធសមិទ្ធិផលនានា ក្នុងវត្តដីក្រហម ស្ថិតនៅឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ គឺខិតខំយកចិត្តទុកដាក់ណាស់ ដើម្បីអរគុណដល់ប្រជាពលរដ្ឋ ដែលបានជឿជាក់និងគាំទ្រសម្តេចដល់រាជរដ្ឋាភិបាល នៅក្នុងការដឹកនាំប្រទេស។
លោកបានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា បានខិតខំកសាងគ្រប់បែបយ៉ាង ដើម្បីជួយដល់ប្រជាពលរដ្ឋ ដោះស្រាយគ្រប់បែបយ៉ាង ប៉ុន្តែការធ្វើវាតែងតែខុស ហើយទន្ទឹមនឹងការខុសនេះ យើងបានកែលម្អដើម្បីពង្រីកនូវលទ្ធផលល្អជាច្រើន ដើម្បីជួយដល់ប្រជាពលរដ្ឋ ដូចជា កសាងហេដ្ឋារចនាសម្ព័ន្ធ ការជួយយកចិត្តទុកដាក់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ បង្កើតការងារជាច្រើនដល់យុវជន បៀវត្សមន្ត្រីរាជការលោកគ្រូ អ្នកគ្រូ ការបណ្តុះបណ្តាលផ្សេងៗ ដើម្បីលើកកិត្តិយសវិស័យអប់រំ លើកកិត្តិយសជាតិ លើកកិត្តិយស សាសនាដែលកន្លងទៅនេះ សម្តេចតេជោ មានយន្តការរដ្ឋាភិបាល យន្តការគណបក្សយន្តការខេត្ត និងយន្តការផ្ទាល់ខ្លួនដើម្បី ដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋ ហើយនេះគឺជាទឹកចិត្តរបស់ប្រមុខរដ្ឋាភិបាល មិនដែលរត់ចោលប្រជាពលរដ្ឋ មួយវិនាទីណាឡើយ»។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដូច្នេះសូមប្រជាពលរដ្ឋជឿទុកចិត្តគាត់ចុះ និងបន្តផ្តល់ឱកាសឱ្យប្រមុខរាជរដ្ឋាភិបាល បន្តដឹកនាំប្រទេសតទៅមុខទៀតដើម្បីកសាងប្រទេស។ ហើយនេះគឺជាអនាគត ដើម្បីអនាគតល្អប្រទេសយើងត្រូវមាន អ្នកដឹកនាំល្អធានានូវសុខសន្តិភាពដែលមានតែតួអង្គម្នាក់នេះតែមួយគត់ ដែលសុខសន្តិភាពនេះគឺសម្រាប់យើងទាំងអស់គ្នា។ លោក ហ៊ុន ម៉ាណែត មានបន្ថែមថា ការរីកចំរើននូវសមិទ្ធិផលទាំងនេះ បានមកពីការចូលរួមចែករំលែកថវិកាសាងសង់ ដោយសទ្ធាជ្រះថ្លា ពីសំណាក់សប្បុរសជនចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា កសាងហេដ្ឋារចនាសម្ព័នជាច្រើនដើម្បីបំរើឱ្យផ្នែកពុទ្ធចក្រ និងអាណាចក្រស្របពេលដែលប្រទេសជាតិមាន សន្តិភាព ស្ថេរភាព និង អភិវឌ្ឍ ដែលទំហំទឹកចិត្កនេះវាលើសទំហំថវិកា។
លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណព្រះសង្ឃដែលបានយកចិត្តទុកដាក់ ក្នុងការអប់រំណែនាំដល់ពុទ្ធបរិស័ទ្ធក៏ដូចជា បានចែករំលែកក្នុងការចែករំលែកការចូលរួមក្នុងការថែរក្សាវប្បធម៌ និងសុខសន្តិភាពតាមរយៈការអប់រំផ្លូវចិត្ត។ សាសនាបាន បង្កឱកាស ប្រជាជន យុវជន យុវនារីបានរៀនសមាធិ រៀនធម៌អា ព្រោះព្រះពុទ្ធសាសនាគ្មានអ្វីក្រៅពីអប់រំណែនាំឱ្យមនុស្ស រស់រានមានជីវិត រៀនរស់ដោយថ្លៃថ្នូ រៀនរស់ដោយជាប្រយោជន៍របស់សង្គម រៀនរស់ដោយការជួយគ្នា កសាងអំពើល្អ ដូច្នេះការដើរតួនាទីរបស់ព្រះសង្ឃគឺជួយនៅក្នុងការរអភិវឌ្ឍប្រទេស៕