(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ទីក្រុងសៀងហៃ ជួយអន្តរាគមន៍ជួយស្រ្តីខ្មែររងគ្រោះចំនួន២រូប ដែលត្រូវប្ដីធ្វើបាប ឲ្យបានវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃស្អែកនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា ស្រ្តីខ្មែររងគ្រោះទាំង០២រូប មានឈ្មោះដូចខាងក្រោម៖ ១- ឈ្មោះ សន មេត្តា អាយុ២១ឆ្នាំ មានស្រុកកំណើត នៅខេត្តបាត់ដំបង បានទៅរស់នៅជាមួយប្ដីនៅខេត្តជាំងស៊ី ប្រទេសចិន តាំងពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៣ និងបានមកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ សុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ ដោយសារត្រូវប្ដីធ្វើបាប និង២- ឈ្មោះ លី ស្រីម៉ៅ អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្ដាល បានទៅរស់នៅជាមួយ ប្ដីនៅខេត្តជាំងស៊ី ប្រទេសចិន តាំងពីថ្ងៃ០៨ ខែវិច្ឆិកា ឆ្នាំ២០១៤ និងបានមកស្ថាន អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ សុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ ដោយសារត្រូវប្ដីធ្វើបាប។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា «កំឡុងពេលរង់ចាំ ការវិលត្រឡប់មកកម្ពុជាវិញ ស្ថានអគ្គកុងស៊ុល បានផ្តល់កន្លែងស្នាក់នៅ និងការហូប-ចុក ជូនដល់ស្រ្តីរងគ្រោះទាំង០២រូបនេះ។
ស្រ្តីរងគ្រោះទាំង០២រូបខាងលើ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង៣៖៣៥នាទីទៀបភ្លឺ តាមជើងយន្តហោះ K6 861»៕
សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖