(សៀមរាប)៖ នៅក្នុងជំនួបពិភាក្សាការងារ អំពីការពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងលោក ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក Xu Yang អគ្គនាយករងនៃរាជបណ្ឌិតសភាចិន សម្រាប់បេតិកភណ្ឌ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរា បានជំរុញឲ្យខាងភាគីចិន ពិចារណាជ្រើសរើសយកប្រាសាទបេងមាលា ជាការដ្ឋានជួសជុលថ្មី បន្ទាប់ពីការជួសជុលនៅប្រាសាទតាកែវ ត្រូវបានបញ្ចប់នៅឆ្នាំ២០១៧។
លោក ស៊ុំ ម៉ាប់ បានថ្លែងអំណរគុណដល់ភាគីចិន ដែលបានចូលរួមចំណែក ក្នុងការងារជួសជុល និងអភិរក្សរមណីយរដ្ឋានអង្គរ ព្រមទាំងបានរំលឹកអំពីជំនួបរវាង លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោក Li Xiaojie អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីខែកញ្ញា ឆ្នាំ២០១៥ ដើម្បីស្នើរដ្ឋាភិបាលចិន ជួយជួសជុលសង្គ្រោះប្រាសាទបេងមាលា។
ជាកិច្ចឆ្លើយតប លោក Xu Yang អគ្គនាយករងនៃរាជបណ្ឌិតសភាចិន បេតិកភណ្ឌវប្បធម៌ មានឲ្យដឹងថា លោកសូមថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការល្អ ដែលអាជ្ញាធរជាតិអប្សរា តែងតែផ្តល់ជូនភាគីចិន។ ក្នុងនោះ លោក Xu Yang ក៏បានបញ្ជាក់ផងដែរថា លោក និងក្រុមការងារ នឹងអញ្ជើញទៅទស្សនកិច្ច នៅប្រាសាទបេងមាលា នាប៉ុន្មានថ្ងៃខាងមុខនេះ ហើយលោកនឹងធ្វើរបាយការណ៍ទស្សនកិច្ចនេះ ជូនទៅក្រសួងវប្បធម៌នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីធ្វើការពិនិត្យ និងសម្រេច។ ទន្ទឹមនឹងនេះ លោកក៏បានស្នើសុំឱ្យអាជ្ញាធរជាតិអប្សរា ផ្តល់ជាព័ត៌មានទូទៅបន្ថែមទៀតអំពីប្រាសាទបេងមាលា។
ជាមួយគ្នានេះដែរ កិច្ចពិភាក្សា ក៏បានផ្តោតទៅលើការរៀបចំការិយាល័យការងារ របស់ស្ថាប័នរដ្ឋាភិបាលចិន ដើម្បីកិច្ចការអភិរក្សអង្គរ ក្នុងមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ការងារជួសជុលឡើងវិញ មណ្ឌលព័ត៌មាននៅប្រាសាទចៅសាយទេវតា និងការសាងសង់មណ្ឌលព័ត៌មាននៅប្រាសាទតាកែវ៕