(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញនិងលើកទឹកចិត្ត ឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បន្តការយកចិត្តទុកដាក់ ដើម្បីលើកកម្ពស់ ស្ថានភាព ជីវភាព ឋនៈនិងតួនាទីរបស់ស្ត្រី នៅក្នុងសង្គមកម្ពុជា ឲ្យកាន់តែមានភាព ប្រសើរឡើងថែមទៀត។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ប្រចាំឆ្នាំ២០១៥ និងលើកទិសដៅផែនការ សកម្មភាព ឆ្នាំ២០១៦ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នាវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការប្រជុំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីនៅថ្ងៃនេះ ជាការពិនិត្យកិច្ចការនៅក្នុងស្ថានភាព នៃប្រទេសរបស់យើងដែលធ្លាប់ធ្វើជា ធម្មតានៅក្នុងត្រីមាសទី១ ដែលក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីនេះ មានសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស ហើយសម្តេចជាអនុប្រធានកិត្តិយស ដោយបានដឹកនាំកិច្ចប្រជុំជាប់ជាប្រចាំ។
លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានបង្ហាញអំពីលទ្ធផលការងារ រយៈពេលពេញ១ឆ្នាំកន្លងមក។
សម្តេចតេជោ បានលើកទឹកចិត្ត និងជំរុញដល់ការអនុវត្ត ផែនការសកម្មភាពការងារ សំខាន់ៗ ដែលក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានដាក់ចេញសម្រាប់ឆ្នាំ២០១៦ មានជាអាទិ៍ ១.បន្តផ្សព្វផ្សាយអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំង នឹងនារីភេទ និងឯកសារពាក់ព័ន្ធតាមរាជានុសាសន៍ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងបន្តការចុះតាមដានការអនុវត្តច្បាប់ បទប្បញ្ញត្តិពាក់ព័ន្ធ គោលនយោបាយជាតិ និងវិធានការនានារបស់រាជរដ្ឋាភិបាល ២. បង្កើតកម្មវិធីផ្សព្វផ្សាយប្រចាំដើម្បីបង្កើន ការយល់ដឹងដល់សាធារណជន ទាក់ទងនឹងអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើង ប្រឆាំងនឹងនារីភេទ ច្បាប់ជាតិ គោលនយោបាយជាតិ សមភាពយេនឌ័រនិងសិទ្ធិស្រ្តី និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ន តាមប្រព័ន្ធផ្សព្វផ្សាយ ៣.បន្តសិក្សាស្វែងយល់ពី ស្ថានភាពរបស់ស្ត្រី ក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម អាជីវកម្ម សិប្បកម្ម ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញសហគ្រិនភាព កម្ចីឥណទាន និងការយល់ដឹងពីបរិបទនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន និងទី៤. រៀបចំកិច្ចប្រជុំបូកសរុប ការងារប្រចាំឆ្នាំ ប្រជុំសាមញ្ញ និងវិសាមញ្ញផងដែរ៕