(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានផ្ដាំផ្ញើដល់មន្ត្រីរាជការ ព្រមទាំងកងកម្លាំងគ្រប់ផ្នែកទាំងអស់ត្រូវបន្តរួមគ្នាសហការផ្សព្វផ្សាយ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពិសេសកងកម្លាំងពាក់ព័ន្ធត្រូវចេញល្បាតនៅតាមព្រំដែនកម្ពុជា-ឡាវឱ្យបានតឹងរឹង ដាច់ខាតមិនឱ្យធ្លាយអ្នកឆ្លងដែនដែលមិនបានធ្វើចត្តាឡីស័កនោះឡើយ។
ការថ្លែងបែបនេះរបស់លោក ម៉ុម សារឿន ត្រូវបានធ្វើឡើងនាថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំ២០២១នេះ ក្នុងពេលដែលលោកកំពុងជំរុញដល់អាជ្ញាធរមូលដ្ឋានក្រុង-ស្រុក និងគ្រប់អង្គភាពពាក់ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ឱ្យយល់ដឹងពីការបង្ការការពារខ្លួនពីជំងឺកូវីដ១៩ ដើម្បីពង្រឹងវិធានការទប់ស្កាត់ការរីករាលដាល។
លោកថា កងកម្លាំងនគរបាលតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ តាមប៉ុស្តិ៍នគរបាលនីមួយៗ ត្រូវមានគោលជំហរឱ្យបានរឹងមាំចំពោះពលករឆ្លងដែនវិលចូលស្រុកវិញ ដើម្បីជៀលវាងការនាំជំងឺកូវីដ១៩ ដែលជាជំងឺឆ្លងសកលឆ្លងចូលក្នុងសហគមន៍។
លោកអភិបាលខេត្តបានបញ្ជាក់ថា ក្រោមការដាក់ចេញនូវវិធានការនិងការណែនាំយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ការឆ្លងដែនខុសច្បាប់ចូលមកក្នុងខេត្ត ដែលជាប់ជាមួយព្រំប្រទល់ប្រទេសថៃ វៀតណាម និងឡាវរួចមក ក្នុងនោះខេត្តស្ទឹងត្រែងអនុវត្តទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដែលថ្នាក់ដឹកនាំខេត្តចាត់ទុកថាជាលទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងរួមសហការគ្នាអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវពីសំណាក់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរពាក់ព័ន្ធទាំងអស់។
ដើម្បីបន្តការរក្សាបាននូវលទ្ធផលកាន់តែគាប់ប្រសើរថែមទៀតស្របតាមគោលការណ៍ និងអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន លោកអភិបាលខេត្តបានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់មូលដ្ឋានក្រុង-ស្រុកក្នុងខេត្តស្ទឹងត្រែង ឲ្យបន្តផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាលដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តការប្រុងប្រយ័ត្នខ្ពស់បន្តទៀត និងបង្ការការពារខ្លួនជានិច្ចពីជំងឺដល់កាចសាហាវមួយនេះ។
បន្តពង្រឹងការចេញល្បាតតាមភូមិសាស្ត្រខ្សែក្រវាត់ព្រំដែន ដើម្បីបង្ការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ហើយក្នុងករណីមានប្រជាពលរដ្ឋឆ្លងដែនចូលមកកម្ពុជា ត្រូវធ្វើចត្តាឡីស័កជាដាច់ខាត ដោយមិនត្រូវឲ្យនរណាម្នាក់ឆ្លងកាត់ព្រំដែនដោយមិនបានត្រួតពិនិត្យ និងមិនធ្វើចត្តាឡីស័កនោះឡើយ។
លោក ម៉ុម សារឿន បានគូសបញ្ជាក់ថា «សមត្ថកិច្ចទាំងអស់សូមកុំឱ្យមានការធ្វេសប្រហែសឱ្យសោះ ពីព្រោះយើងបានដឹងហើយថាជំងឺកូវីដ-១៩ កំពុងរីករាលដាលឆ្លងចូលក្នុង សហគមន៍ ២០ កុម្ភៈ នេះ ដែលធ្វើឲ្យរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលពិបាកក្នុងការគ្រង់គ្រង់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញ មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា ចំនួនអ្នកធ្វើចត្តាឡីស័កក្នុងមណ្ឌលចត្តាឡីស័កច្រកទ្វារអន្តរជាតិត្រពាំងក្រៀល និងផ្ទះសំណាក់មិត្តភាព សរុបមានចំនួន ៧៣នាក់ ក្នុងនោះមានជនជាតិខ្មែរ ៣៧នាក់ (ភាគច្រើនជាពលករដែលឆ្លងកាត់ពីប្រទេសឡាវ) ជនជាតិចិន ២៤នាក់ ជនជាតិឡាវ ៩នាក់ និងជនជាតិមីយ៉ាន់ម៉ា ៣នាក់៕