(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ដោយសារវិបត្តិនៃជំងឺកូវីដ១៩។ ក្រោយការផ្អាកនេះ ក្រសួងមហាផ្ទៃ បានចេញណែនាំ៣ចំណុច ទៅកាន់អភិបាលរាជធានីខេត្ត ដើម្បីកំណត់ទិសដៅ និងផែនការសកម្មភាពរបស់រាជធានីខេត្តនីមួយៗ។
តាមលិខិតរបស់ក្រសួងមហាផ្ទៃ ផ្ញើទៅអភិបាលរាជធានីខេត្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា កន្លងមកក្រសួងរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែដោយសារស្ថានភាពនៃការឆ្លង រីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ធ្វើឲ្យសន្និបាតនេះមិនអាចប្រព្រឹត្តទៅបាន។
ដើម្បីកំណត់ទិសដៅ និងផែនការសកម្មភាពរបស់រាជធានីខេត្តនីមួយៗ ក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាលរាជធានីខេត្ត ដូចខាងក្រោម៖
១៖ ក្រសួងមហាផ្ទៃ នឹងផ្ញើរបាយការណ៍ ស្តីពីលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួង សុន្ទរកថាបើកសនិ្នបាត និងរបាយការណ៍ស្តីពីលទ្ធផលការងារប្រឡងប្រណាំង អនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ឆ្នាំ២០២០ ដើម្បីជាមូលដ្ឋានសម្រាប់រដ្ឋបាលរាជធានីខេត្ត នីមួយៗ។
២៖ ប្រគល់សិទ្ធិជូនអភិបាល និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ធ្វើការប្រគល់រង្វាន់ជ័យលាភី ប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឆ្នាំ២០២០ ជូនដល់រដ្ឋបាលឃុំសង្កាត់ ក្នុងរាជធានីខេត្តនីមួយៗ។
៣៖ ចំពោះការអនុវត្តចលនាប្រឡងប្រណាំងអនុវត្តភូមិឃុំសង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តជំរុញអនុវត្តគោលការណ៍ណែនាំ ដែលមានស្រាប់រហូតដល់ក្រសួងមហាផ្ទៃ មានការណែនាំជាថ្មី៕