(ភ្នំពេញ)៖ ​កូន​បំណុល​ក្នុង​សំណុំ​រឿង​រដ្ឋប្បវេណី​ បាន​ចោទប្រកាន់​លោក​ ហ្គូវ​ ឆេង​លុយ​ ជា​ម្ចាស់​បំណុល​ និង​អាជ្ញាធរ​ខណ្ឌ​សែនសុខ​ កំពុង​បំពាន​សេចក្ដី​សម្រេច​​របស់​តុលាការ​​កំពូល​។ កូន​បំណុល​ស្នើ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ និង​អង្គភាព​ប្រឆាំង​​អំពើ​ពុករលួយ​ ស៊ើបអង្កេត​ករណី​នេះ​ ព្រោះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ ។

តុលាការ​កំពូល​ កាល​ពី​ចុង​ឆ្នាំ​២០១៤​ កន្លងទៅ​ បាន​សម្រេច​ «ទុក​ដី​ទំនាស់​ទំហំ​ AB=CD= ១១,៥ម​ ,​ AD=CD=១១,៥ម​ នៃ​ភូមិ​សេប៉េសេ​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ សម្រាប់​ប្រជាជន​១៣គ្រួសារ​ និង​ ប្រជាពលរដ្ឋ​​ផ្សេងទៀត​ ប្រើប្រាស់​ជា​សមូហភាព​»​ ។ ប៉ុន្តែ​ការ​សម្រេច​នេះ​ ត្រូវ​បាន​ លោក​ ប៉ែន​ ប៊ុន​អេង​ ជា​កូន​បំណុល​ ដាក់​ពាក្យ​បណ្ដឹង​សុំ​ជំនុំជម្រះ​សាជាថ្មី​ ហើយ​ត្រូវ​បាន​តុលាការ​កំពូល​ បោះត្រា​ទទួល​នៅ​ថ្ងៃទី​៦​ ខែ​កក្កដា​ ឆ្នាំ​២០១៥​ ដែល​បច្ចុប្បន្ន​សំណុំរឿង​នេះ​ពុំ​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ​ ពោល​គឺ​កំពុង​ស្ថិត​ក្នុង​ចំណាត់​ការ​របស់​តុលាការ​កំពូល​។

ពាក់ព័ន្ធ​ករណី​នេះ​ លោក​ ប៉ែន​ ប៊ុន​អេង​ អាយុ​៤២ឆ្នាំ​ មាន​ទីលំនៅ​ផ្ទុះ​លេខ​១៦៧​ ផ្លូវ​លំ​ ភូមិ​សេ​ប៉េសេ​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ បាន​និយាយ​ថា​ នៅ​ចន្លោះ​ពេល​ដែល​តុលាការ​កំពូល​ ពុំទាន់​កំណត់​ថ្ងៃ​បើក​សវនាការ​សាជាថ្មី​ផង​ ស្រាប់​តែ​លោក​ លី​ សាវេត​ អភិបាល​ខណ្ឌ​សែនសុខ​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ ចុះ​ថ្ងៃ​ទី​១៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ អញ្ជើញ​ឈ្មោះ​ ហ្គូវ​ ឆេង​លុយ​ និង​ ភាគី​ពាក់ព័ន្ធ​ឲ្យ​ចូល​ខ្លួន​ នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែ​មីនា​ ឆ្នាំ​២០១៦​ខាងមុខ​នេះ​​ ដើម្បី​បំពេញ​បែបបទ​តាម​នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​ដី​ធ្លី​ជា​ធរមាន​ ។

ត្រង់​ចំណុច​នេះ​ ត្រូវ​បាន​ លោក​ ប៉ែន​ ប៊ុន​អេង​ ចាត់​ទុក​ថា​ មិន​ត្រឹម​ត្រូវ​នោះ​ទេ​ ព្រោះ​រឿង​ក្ដី​នេះ​កំពុង​ស្ថិត​ក្នុង​ចំណាត់​ការ​របស់​តុលាការ​កំពូល​ ។  លោក​សង្ស័យ​ថា​ ការ​ប្រញាប់ប្រញាល់​ ចុះ​បញ្ជី​ដី​ធ្លី​ជូន​ឈ្មោះ​ ហ្គូវ​ ឆេង​លុយ​ អាច​ពាក់​ព័ន្ធ​អំពើ​ពុករលួយ​ ។ លោក​ក៏​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ផ្អាក​ការ​ចុះ​បញ្ជី​ដី​ធ្លី​សិន​ រង់ចាំ​តុលាការ​កំពូល​សម្រេច​ជា​ថ្មី​ និង​ ផ្ដល់​យុត្តិធម៌​ដល់​រូប​លោក​ កុំ​ឲ្យ​ជន​ខិលខូច​មួយ​ចំនួន​បំពាន​ច្បាប់​ទាំង​ទទឹង​ទិស​បែបនេះ​ ។

គួរ​រំលឹក​ថា​ មនុស្ស​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​នេះ​ រួមទាំង​ឈ្មោះ​ ហ្គូវ​ ឆេង​លុយ​ ផង​ ធ្លាប់​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​ជា​ស្ថាពរ​ ផ្តន្ទា​ទោស​១ឆ្នាំ​តែ​ទោស​នេះ​ ត្រូវ​ព្យួរ​ ពី​បទ​បំផ្លិចបំផ្លាញ​របង​ស័ង្កសី​របស់​លោក​ ប៉ែន​ ប៊ុន​អេង​៕