(ស្វាយរៀង)៖ បុរសម្នាក់រស់នៅក្រុងបាវិត ខេត្តស្វាយរៀង ដោយសារតែបង្ហោះព័ត៌មានមិនពិតពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ក៏ត្រូវអាជ្ញាធរចុះស្រាវជ្រាវរកមុខ ដើម្បីហៅមកអប់រំណែនាំ ព្រមទាំងធ្វើកិច្ចសន្យា លុបព័ត៌មានក្លែងក្លាយនោះចេញ និងបញ្ឈប់អំពើទុច្ចរិតនេះតទៅទៀត។
បុរសរូបនេះបានបង្ហោះសារនៅលើគណនីវីឆាត (Wechat) និងគណនីហ្វេកប៊ុកគ្រុប (Facebook Group) យ៉ាងដូច្នេះថា «យោងតាមសាលាក្រុងបាវិតបានជូនដំណឹងថា នៅក្រុងបាវិតមានករណីមនុស្ស ២ ឬ ៣នាក់ ឆ្លងជំងឺកូវីដ១៩ហើយ»។
ការចុះអប់រំបុរសខាងលើនេះ ធ្វើឡើងនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការដឹកនាំរបស់លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវី១៩ ខេត្តស្វាយរៀង សហការជាមួយតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្កា។
លោក តូច ប៉ូលីវ៉ា បានថ្លែងថា យោងតាមអនុសាសន៍ណែនាំរបសលោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត ដើម្បីចុះស្រាវជ្រាវរកអ្នកដែលបង្ហោះព័ត៌មានក្លែងក្លាយ ដែលនាំឲ្យមានការភាន់ច្រឡំដល់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀងថា មានករណីឆ្លងជំងឺកូវីដ១៩ចំនួន ២នាក់។
លោកបានបន្តថា ក្រោយពីចុះស្រាវជ្រាវទៅឃើញថា បុគ្គលដែលបានបង្ហោះព័ត៌មាននេះ គឺធ្វើការផ្នែករដ្ឋបាលនៅក្នុងរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្កា នៅរោងចក្រ ស៊ី.វ៉ាយ.ថប់ (ខេមបូឌា) ឯ.ក ហើយបានអប់រំឲ្យបញ្ឈប់ការបង្ហោះព័ត៌មានមិនពិតដែលនាំឲ្យប៉ះពាល់ដល់សង្គម។ គណៈកម្មការកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តស្វាយរៀង បានជម្រាបជូនដល់ប្រជាពលរដ្ឋបានជ្រាបថា នៅក្នុងភូមិសាស្រ្តក្រុងបាវិត មិនមានការឆ្លងជំងឺកូវីដ១៩ មានសភាពស្ងប់ស្ងាត់ធម្មតា មិនដូចដែលបុគ្គលខាងលើបានលើកឡើងនោះទេ។
បើតាមលោក តូច ប៉ូលីវ៉ា បានបញ្ជាក់ថា បុគ្គលដែលបង្ហោះខាងលើនេះបានសារភាពថា ដោយសារតែមិនចង់ឲ្យជនជាតិចិនចេញដើរលេងក្រៅ ដែលនាំឲ្យខ្លាចឆ្លងជំងឺផ្សេងៗ ទើបខ្លួនបានបង្ហោះព័ត៌មានមិនពិតនេះឡើងនៅក្នុងគ្រុបមានគ្នា ២៧នាក់ តែប៉ុណ្ណោះ ស្រាប់តែមានការបែកធ្លាយ ហើយនៅក្នុងខ្លឹមសារនោះក៏បានសរសេរសារអប់រំអំពីការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ផងដែរ៕