(ភ្នំពេញ)៖ គិតមកដល់ល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទទីតាំងដែលពាក់ព័ន្ធកូវីដ១៩ ក្នុង «ព្រឹត្តការណ៍សហគមន៍២០កុម្ភៈ» មានចំនួន៧៥ទីតាំងហើ។ ជុំវិញការងារនេះ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានប្រកាសឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវពង្រឹងវិធានការគ្រប់គ្រងកន្លែងបិទទីតាំងទាំងអស់នេះឲ្យបានតឺងរឹង និងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរីរាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំង ខណៈចំនួនអ្នកឆ្លងមានការកើនឡើង។
ការប្រកាសបែបនេះរបស់ លោក ឃួង ស្រេង បានធ្វើឡើងនៅសៀលថ្ងៃទី២៥ ខែកុម្ភៈនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានណែនាំដល់អភិបាលខណ្ឌទាំងង១៤ ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានម៉ឹងម៉ាត់ជុំវិញការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ ខណៈអាជ្ញាធរបានចុះបិទទីតំាងដែលមានផ្ទុះជំងឺកូវីដ-១៩ កើនឡើងដល់៧៥ទីតំាងហើយ ក្នុងរាជធានីភ្នំពេញ។
លោកបញ្ជាក់ថា «ក្រុមកម្លាំងសមត្ថកិច្ចចម្រុះត្រូវប្រចាំការ យាមកាមនៅទីតាំងដែលបានរកឃើញមានផ្ទុះជំងឺកូវីដ១៩ កន្លែងព្យាបាល និងកន្លែងធ្វើចត្តាឡីស័ក ដើម្បីធានាបានសណ្តាប់ធ្នាប់ល្អ និងគ្រប់គ្រងស្ថានភាពអ្នកជំងឺ បានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។ កិច្ចការងារនេះត្រូវតែរឹតបណ្តឹង ត្រូវតែទប់ស្កាត់ រកឃើញទីតំាងណាត្រូវតែបិទទីតំាងនោះជាបណ្តោះអាសន្នឱ្យបានម៉ឹងម៉ាត់ ចំពោះអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជា កងកម្លំាងប្រដាប់អាវុធដែល ជាសេនាធិការ ប៉ុន្តែកន្លែងខ្លះក៏មានការប្រទំាងប្រទិសជាមួយម្ចាស់អាជីវកម្ម និងអ្នកជំងឺ មិនបានយោគយល់ចំពោះការទប់ស្កាត់»។
ប៉ុន្តែទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យរួចហើយ គឺជនបរទេសដែលមិនសហការត្រូវបណ្តេញចេញពីប្រទេស ហើយមិនឱ្យវិលត្រឡប់មកវិញ ជនជាតិខ្មែរចាត់វិធានការតាមផ្លូវច្បាប់ ទីតំាងដែលធ្វើអាជីវកម្ម ត្រូវដកហូតអាជ្ញាបណ្ណ ដែលយើងមានដាវក្នុងដៃសម្រាប់ធ្វើកិច្ចការងារនេះឱ្យមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា មកដល់ពេលនេះមានទីតាំងជាបន្តបន្ទាប់ទៀត ដែលអាជ្ញាធររាជធានីភ្នំពេញ បានកំពុងតែសហការជាមួយក្រសួងសុខាភិបាល ដើម្បីឈានទៅបិទអាជីវកម្មជាបណ្តោះអាសន្ន ក្រោយពីបានទទួលព័ត៌មានថា ទីតាំងនោះគឺមានអ្នកឆ្លងជំងឺកូវីដ១៩ ព្រឹត្តិការណ៍២០កុម្ភៈនេះ ខណៈគិតត្រឹមរសៀលថ្ងៃទី២៥ ខែកុម្ភៈ មានអាជីវកម្មចំនួ៧៥ហើយ ត្រូវបានបិទជាបណ្តោះអាសន្ន។
ជាមួយគ្នានេះដែរ ចំពោះកម្លាំងមានសមត្ថកិច្ចដែលឈរជើងការពារទាំង៧៥ទីតាំង លោកអភិបាលរាជធានីភ្នំពេញ ក៏បានប្រកាសពីការជួយឧបត្ថមផងដែរ ដើម្បីលើកទឹកចិត្តឱ្យកងកម្លាំងយើងទាំងអស់ មានស្មារតី និងកម្លាំងដើម្បីបំពេញការងារនេះទទួលបានជោគជ័យ៕