(ភ្នំពេញ)៖ អភិបាលខណ្ឌឬស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា លោក ជា ពិសី សហការជាមួយមន្រ្តីសុខាភិបាល នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចុះបិទទីតាំងស្នាក់នៅរបស់ប្រជាពលរដ្ឋ២កន្លែងជាបណ្ដោះអាសន្ន ដោយមិនអនុញ្ញាឲ្យ មានការចេញចូលជាសាធារណៈឡើយ ក្រោយរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ (ខ្មែរ+ចិន) ចំនួន០២នាក់ ស្ថិតនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោក ជា ពិសី បានបញ្ជាក់ថា ការរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ចំនួន០២នាក់នេះ គឺកើតលើបុរសជនជាតិខ្មែរម្នាក់អាយុ៤១ឆ្នាំ រស់នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ និងម្នាក់ទៀតជាបុរសជនជាតិចិន អាយុ៣៦ឆ្នាំ រស់នៅអគារ secret garden camko ប្លុកកាំកូស៊ីធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ហើយបុរសជនជាតិចិន និងខ្មែរទាំង២នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលចត្តាឡីស័កព្រែកព្នៅហើយ៕