(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចុះពិនិត្យការឈូសឆាយស្ថាបនាបើកផ្លូវចូល និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ មួយចំនួននៅទីតាំងសម្បទានដីសង្គមកិច្ច (ដីលំនៅដ្ឋាន និងដីកសិកម្ម) ដែលត្រូវប្រគល់ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារក្នុងខេត្តចំនួន ៦២៨គ្រួសារ ត្រង់ចំណុចដំណាក់ត្រយឹង ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ។
លោក ម៉ៅ ធនិន បានថ្លែងឱ្យដឹងថា ទីតាំងសម្បទានដីសង្គមកិច្ចខាងលើនេះ ត្រូវបានចាប់ឆ្នោតប្រគល់ជូនដល់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារក្នុងខេត្តពោធិ៍សាត់ចំនួន ៦២៨គ្រួសារ រួចរាល់ហើយ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ កន្លងទៅ ដោយក្នុងមួយគ្រួសារទទួលបានដី (លំនៅដ្ឋាន និងដីកសិកម្ម) ទំហំ៧០គុណ១៥០ម៉ែត្រ។ ការផ្តល់ជូនសម្បទានដីសង្គមកិច្ចខាងលើនេះ គឺជាការមើលឃើញពីពលីកម្មដ៏ធំធេងពីសំណាក់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្ត ដែលបានខិតខំបំពេញបេសកកម្មការពារជាតិមាតុភូមិ រហូតទទួលបានសុខសន្តិភាពមកដល់សព្វថ្ងៃ។
លោក ម៉ៅ ធនិន បានបន្ថែមថា ដោយពិនិត្យឃើញពីការលំបាករបស់អតីតយុទ្ធជន និងគ្រួសារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានផ្តល់ថវិកាចំនួន ៥០០,០០០ ដុល្លារ សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់ ដែលទើបទទួលបានសម្បទានដីសង្គមកិច្ចពីរាជរដ្ឋាភិបាល ហើយការស្ថាបនាផ្ទះគម្រូ ក៏នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខផងដែរ។
លោកអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចតេជោ ព្រមទាំងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាចំពោះជំនួយ និងការចូលរួមនេះ ដែលជាការរួមចំណែកដោះស្រាយទុក្ខលំបាករបស់គ្រួសារអតីតយុទ្ធជន និងបង្ហាញនូវកាយវិការមនុស្សធម៌ ដែលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុខភាពល្អ និងជីវភាពកាន់តែប្រសើរឡើងជាលំដាប់។
ក្នុងថ្ងៃដដែលនោះ លោក ម៉ៅ ធនិន ក៏បានចុះពិនិត្យ និងផ្សព្វផ្សាយការអនុវត្តន៍វិធានការការពារជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាលនៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ព្រមទាំងបន្តចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ តភ្ជាប់ពីទីប្រជុំជន ឃុំឈើតុំ ស្រុកក្រគរ ឆ្ពោះមកកាន់រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងដែលមានប្រវែង ១៤គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិការបស់ខេត្តផងដែរ៕