(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមស្វាគមន៍ចំពោះការចូលរួមរបស់អង្គការខុមហ្វ្រែល (COMFREL) ដែលបានចេញនូវរបាយការណ៍ ស្តីពី «សវនកម្មបញ្ជីបោះឆ្នោត ឆ្នាំ២០២០ ហើយបានរកឃើញថា បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ មានគុណភាពអាចទទួលយកបាន»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា លើសពីនេះ COMFREL បានរកឃើញថា ៩៨.៤៥% នៃអ្នកបោះឆ្នោតពិតជាមានវត្តមាននៅទីតាំងដូចគ្នានឹងទីតាំងក្នុងបញ្ជីបោះឆ្នោត គឺជាសូចនាករដែលវាស់ឱ្យឃើញអំពីគុណភាពនៃបញ្ជីបោះឆ្នោតរបស់ គ.ជ.ប។

គ.ជ.ប សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការស្រាវជ្រាវរបស់ COMFREL និងចាត់ទុកលទ្ធផលនេះ គឺជាធាតុចូលសំខាន់មួយរួមចំណែកក្នុងការកែលម្អបញ្ជីបោះឆ្នោតរបស់ គ.ជ.ប។

ម៉្យាងទៀតករណីដែល COMFREL ស្នើសុំ គ.ជ.ប ឱ្យជជែកជាមួយស្ថាប័នរដ្ឋសភា ដើម្បីធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គ.ជ.ប ក៏ធ្លាប់បានបំភ្លឺរួចមកហើយដែរថា កិច្ចការទាំងនេះពុំមែនជាសមត្ថកិច្ចរបស់ គ.ជ.ប ទេ ព្រោះ គ.ជ.ប គឺជាស្ថាប័នអនុវត្តច្បាប់ និងបច្ចេកទេសសុទ្ធសាធ។ យ៉ាងណាក៏ដោយរាល់សំណើ សំណូមពរ ក្នុងនោះក៏មានសំណើនេះដែរ ដែលបានលើកឡើងក្នុងសន្និបាតបូកសរុបការងារបោះឆ្នោត គ.ជ.ប តែងតែកត់ត្រាក្នុងរបាយការណ៍ និងផ្ញើជូនគ្រប់ភាគីពាក់ព័ន្ធមានរដ្ឋសភា ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ជាដើម...។ល។

ទន្ទឹមគ្នានេះដែរ គ.ជ.ប ក៏បានសង្កេតឃើញថា ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតមួយចំនួន នៅតែមិនទាន់ជ្រាបច្បាស់អំពីគោលបំណង នៃគម្រោងរៀបចំការបោះឆ្នោតសាកល្បងនៅឆ្នាំ២០២១។ ចំណុចនេះ គ.ជ.ប សូមបញ្ជាក់ជាថ្មីថាការបោះឆ្នោតសាកល្បងនឹងសាកល្បងអនុវត្តកិច្ចការដូចខាងក្រោម៖

*ប្រើប្រាស់កម្មវិធីចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធអនឡាញ (Online)

*ប្រើប្រាស់ប៊ិកគំនូសគាំទ្រគណបក្សនយោបាយនៅលើសន្លឹកឆ្នោត

*ប្រើប្រាស់កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត តាមប្រព័ន្ធអនឡាញ (Online) ដែលគ្របដណ្តប់លើដំណើរការសំខាន់ៗ នៅក្នុងថ្ងៃបោះឆ្នោត តាមកម្មវិធីជាប្រព័ន្ធដូចខាងក្រោម៖

*កម្មវិធីទទួល បញ្ចូល បូកសរុប បញ្ជូន និងប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត

*កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត

*កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលផ្លូវការនៃការបោះឆ្នោត

*កម្មវិធីបែងចែកអាសនៈ និងស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត។

ចំពោះអ្នកបោះឆ្នោត គឺនៅតែធ្វើការបោះឆ្នោតដោយដៃ ដូចការបោះឆ្នោតអាណត្តិមុនៗដដែលមិនមែនបោះឆ្នោតតាមប្រព័ន្ធអនឡាញ (Online) នោះទេ។ ម្យ៉ាងវិញទៀត ការបោះឆ្នោតសាកល្បងនេះ មិនត្រូវបានរៀបចំនៅទូទាំងប្រទេសទេ ដោយត្រូវធ្វើនៅតាមឃុំ សង្កាត់គោលដៅមួយចំនួនតាមការកំណត់របស់ គ.ជ.ប តែប៉ុណ្ណោះ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖