(យូអិន)៖ រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានលើកឡើងនៅថ្ងៃសុក្រនេះថា ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UN) ដែលហាមឃាត់ការនាំចេញធនធានរ៉ែ របស់កូរ៉េខាងជើង ទៅកាន់អន្តរជាតិនោះ នឹងធ្វើឲ្យកូរ៉េខាងជើង ទទួលរងគ្រោះ ដោយបាត់បង់ប្រាក់ចំណូល យ៉ាងច្រើនសន្ធឹកសន្ធាប់។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។
រដ្ឋមន្ត្រីបង្រួបបង្រួមជាតិកូរ៉េខាងត្បូងលោក ចឿង ជូនហ៊ី (Jeong Joon-hee) បានប្រាប់អ្នកសារព័ត៌មាននានា បន្ទាប់ពីអង្គការ សហប្រជាជាតិ ទើបបានសម្រេចទណ្ឌកម្មលើកូរ៉េខាងជើងក្តៅៗនោះថា «ការដាក់ទណ្ឌកម្ម ហាមឃាត់ការនាំចេញរ៉ែរបស់ កូរ៉េខាងជើង គឺជាការពិតហើយវានឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សន្តិសុខរូបិយបណ្ណបរទេស នៅប្រទេសកូរ៉េខាងជើង»។
គួរបញ្ជាក់ថា ការនាំចេញរ៉ែ គឺគ្របដណ្តប់ ៤០ភាគរយ នៃការនាំចេញទាំងអស់របស់កូរ៉េខាងជើង។ ការហាមឃាត់របស់ ក្រុមប្រឹក្សាសន្តិសុខនេះ ជាការឆ្លើយតបទៅនឹង ការធ្វើការសាកល្បងគ្រាប់បែកអ៊ីដ្រូសែន និងបាញ់គ្រាប់រ៉ុក្កែត បង្ហោះផ្កាយរណប ដែលជាការរំលោភទៅលើដំណោះស្រាយអន្តរជាតិដ៏ធ្ងន់ធ្ងរនាដើមឆ្នាំ ២០១៦ នេះ៕