(តាកែវ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មន្រ្តីជំនាញពេទ្យសត្វរបស់ក្រសួងកសិកម្ម និងមន្រ្តីជលផល បានចុះស្ទាក់ចាប់បានសត្វមាន់រស់ និងពងទា នាំចូលដោយលួចលាក់តាមច្រកទ្វាអន្តរជាតិភ្នំដិន បន្ទាប់ពីរាជរដ្ឋាភិបាល បានណែនាំឲ្យរឹតបន្តឹងការត្រួតពិនិត្យមនុស្សចេញចូលដោយខុសច្បាប់ ដើម្បីប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩។
ជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅនេះ មន្រ្តីពេទ្យសត្វនៅក្រសួងកសិកម្ម បានឆ្មក់ចុះចាប់បានឡានដឹកមាន់ដោយខុសច្បាប់ តាមច្រកទ្វាអន្តរជាតិភ្នំដិនចំនួន ២ដង ហើយកាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ មន្រ្តីជលផលបានចុះចាប់ការលួចនាំត្រីចូលដោយខុសច្បាប់ តាមរ៉ឺម៉កដ៏ធំមួយពីប្រទេសវៀតណាម តាមច្រកទ្វាភ្នំដិន ក៏ប៉ុន្តែបែជាឃើញពងទាពេញមួយរម៉កធំទៅវិញ។
ពាក់ព័ន្ធទៅនិងការចាប់បានពងទានាំចូលដោយខុសច្បាប់ពីប្រទេសវៀតណាមនេះ លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ បានថ្លែងទទួលស្គាល់ថា ពិតជាមានការលួចនាំចូលមាន់ និងពងទាដោយខុសច្បាប់ ពីប្រទេសវៀតណាមតាមច្រកទ្វាអន្តរជាតិភ្នំដិន ពិតប្រាកដមែន ដោយកាលពីយប់មិញនេះ។
លោកថា «មន្រ្តីជលផលបានដេញចាប់រ៉ឺម៉កដ៏ធំមួយលួចដឹកត្រីពីវៀតណាម ប៉ុន្តែពេលចាប់បានបែជាឃើញពងទាមួយរ៉ឺម៉កទៅវិញ»។
លោកបានសង្កត់ធ្ងន់ថា «នៅថ្ងៃនេះអាជ្ញាធខេត្ត បានធ្វើការកោះប្រជុំជាមួយអភិបាលស្រុកជាប់ព្រំដែនទាំង៤ និងក្រុមមន្រ្តីគយ និងសមត្ថកិច្ចឈជើងតាមព្រំដែនទាំងអស់ ដោយបានធ្វើការណែនាំដល់មន្រ្តីទាំងអស់ ឲ្យរួមគ្នាទប់ស្កាត់កុំឲ្យមានការលួចនាំចូលដោយខុសច្បាប់បែបនេះទៀត»។
ដោយឡែកលោក អ៊ុក គឹមកន្និការ នាយប៉ុស្តិ៍ច្រកទ្វាអន្តរជាតិភ្នំដិន និងលោក ថៃ លី ប្រធានការិយាល័យពេទ្យសត្វខេត្តតាកែវ មិនអាចសុំការបំភ្លឺបានទេនៅថ្ងៃនេះ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋនៅស្រុកគីរីវង់ បានឲ្យថា សត្វមាន់ និងពងទា នៅតែបន្តលួចនាំចូលដោយខុសច្បាប់ និងមិនបានបង់ពន្ធត្រឹមត្រូវនោះទេ ហើយរបស់អស់ទាំងនេះច្រើនតែលួចនាំចូលនៅពេលយប់ជ្រៅ ដោយមានការបើកផ្លូវពីសមត្ថកិច្ចឈជើងតាមព្រំដែន និងមន្រ្តីពេទ្យសត្វខេត្តតាកែវផងដែរ៕