(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យការបង្កើតវ៉ារីប្បកម្មរបស់ក្រុមហ៊ុន ផារត្ន័ វឌ្ឍនៈ ចាប់ដៃគូជាមួយ សហគមន៍ទំនប់ចក បឹងធំ ស្ថិតក្នុងភូមិទួលព្រិច ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ប្រធានក្រុមហ៊ុន ផារត្ន័ វឌ្ឍនៈ លោកឧកញ៉ា ពាង ផារ័ត្ន បានឱ្យដឹងថា គម្រោងវ៉ារីវប្បកម្មនេះ នឹងត្រូវរៀបចំធ្វើឡើងលើផ្ទៃដីប្រមាណជា ២ហិកតា គ្រោងថវិកាចំណាយជាង១លានដុល្លារ។
ប្រធានក្រុមហ៊ុន បានថ្លែងថា ការបង្កើតវ៉ារីវប្បកម្មនេះ ក្រុមហ៊ុនមានចក្ខុវិស័យ អភិវឌ្ឍផ្នែកមួយនៃបឹងធំឱ្យក្លាយជាតំបន់ពហុវិស័យ រួមមាន៖
* តំបន់វ៉ារីវប្បកម្ម និងទេសចរណ៍ ជួយលើកកម្ពស់ និងពង្រីកការយល់ដឹងផ្នែកវ៉ារីវប្បកម្ម សម្រាប់ប្រជាជនក្នុងតំបន់
* បង្កើតជាមជ្ឈមណ្ឌលពិសោធន៍ស្រាវជ្រាវជីវៈមច្ឆា និងផលិតកូនត្រីពូជ
* អភិរក្ស និងការបង្កើនការចិញ្ចឹមមច្ឆាជាតិ និងចូលរួមចំណែកក្នុងការអភិវឌ្ឍទៅតាមផែនការយុទ្ធសាស្ត្រ អភិវឌ្ឍវ៉ារីវប្បកម្មរបស់រដ្ឋាភិបាលផងដែរ។
លោកឧកញ៉ា ពាង ផារ័ត្ន បានរំពឹងទុកថា ការអភិវឌ្ឍនៃទំនប់ចកបឹងធំនេះ នឹងអាចផ្តល់ការលើកកម្ពស់សក្តានុពលូសេដ្ឋកិច្ចក្នុងស្រុកព្រៃឈរ ក៏ដូចជាខេត្តកំពង់ចាម។ ម្យ៉ាងទៀត និងជួយរួមចំណែកជាមួយគម្រោង របស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០២៤ កម្ពុជានឹងអាចផ្គត់ផ្គង់ផលជលផល តាមរយៈការធ្វើវារីវប្បកម្ម ៧៤០,០០០តោន នឹងក្លាយជាភ្នាក់ងារសហការយ៉ាងជិតស្និទ្ធរបស់ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម ក្នុងការកាត់បន្ថយបទល្មើសនេសាទ និងការបំពុលបរិស្ថាន នៃតំបន់បឹងធំ តាមរយៈការចែករំលែកផលប្រយោជន៍ដល់ប្រជាកសិករ ក្នុងសហគមន៍ដោយផ្លាស់ ប្តូរពីការនេសាទខុសច្បាប់នារដូរត្រីពងកូន ទៅជាការធ្វើវារីវប្បកម្ម បង្កើតជាទីផ្សារសម្រាប់ប្រជាកសិករ ដោយប្រមូលទិញនូវផលិតផល ដែលពួកគាត់សម្រេចបានក្នុងតម្លៃទីផ្សារ៕