(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញនូវការព្រួយបារម្ភ ពីការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ដែលវាអាចមានផ្ដល់ប៉ះពាល់ ទៅដល់ចំណូលពន្ធ។

ការលើកឡើងយ៉ាងដូច្នេះ ធ្វើឡើងក្នុងកម្មវិធីពិសេស ស្តីពី ការដាក់ឲ្យប្រើប្រាស់ នូវប្រព័ន្ធគ្រប់គ្រងការដាក់លិខិត ប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនឡាញ និងព្រឹត្តិការណ៍ថ្មីៗ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានការ Live តាម Page របស់អគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

លោក គង់ វិបុល បានបញ្ជាក់ថា «ចំពោះបញ្ហានេះ គឺធម្មតា ឲ្យតែមានការរីករាលដាលឆ្លង យើងព្រួយបារម្ភតាំងពីឆ្នាំទៅ [...] សេដ្ឋកិច្ចមានការប៉ះពាល់ ហើយចំណូលក៏មានការប៉ះពាល់»

លោក គង់ វិបុល បានលើកឡើងថា ពន្ធដារមានការព្រួយបារម្ភ ខ្លាចមិនគ្រប់ផែនការ ហើយវានឹងធ្វើឲ្យមានបញ្ហាច្រើន ចំពោះថវិកាជាតិ ព្រោះថា ចំណូលពន្ធដារ គឺជាចំណូលទី១ នៅក្នុងចំណោមអង្គភាពដែលប្រមូលចំណូល ជូនរាជរដ្ឋាភិបាល។

បើទោះជាមាន ការព្រួយបារម្ភ ពីការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» យ៉ាងណាក្ដី ក៏លោក គង់ វិបុល បានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ មិនដេកផ្ដួល និងមិនប្រលែងដៃនោះឡើយ ទៅនឹងជំងឺកូវីដ-១៩នោះទេ។ ពន្ធដារនៅតែបន្ដវិធានការដ៏ម៉ឺងម៉ាត់ ក្នុងការប្រមូលពន្ធ។

បន្ថែមពីនោះទៀត លោក គង់ វិបុល បានគូសបញ្ជាក់ថា ការព្រួយបារម្ភ អំពីការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ចូលសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» នេះ មិនមែនព្រួយបារម្ភ ត្រឹមកម្រិតអគ្គនាយកដ្ឋានពន្ធដារប៉ុណ្ណោះទេ គឺមានការព្រួយបារម្ភរបស់រាជរដ្ឋាភិបាលទាំងមូល។

សម្រាប់ចំណូលពន្ធ នៅឆ្នាំ២០២០ ដែលពន្ធដារ ប្រមូលបានប្រមាណ២,៨៨៩.០២លានដុល្លារអាមេរិក ស្មើនឹង១០១.៣៦% នៃផែនការប្រចាំឆ្នាំ ធៀបនឹងចំណូល ពន្ធ-អាករ ប្រមូលបាន ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ឃើញថា កើនឡើងចំនួន៤២៣.២០ ប៊ីលានរៀល (ប្រមាណជា១០៤,៤៩លានដុល្លារ) ស្មើនឹង៣.៧៣%។

ដោយឡែក ក្នុងខែមករា ឆ្នាំ២០២១នេះ ចំណូលពន្ធ-អាករ គ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានមានចំនួន ៨៧៩.៦៨ប៊ីលានរៀល (ប្រមាណជា ២១៧.២០ លានដុល្លារអាមេរិក) ធ្លាក់ចុះ៨.០៦% បើប្រៀបធៀបនឹងចំណូលពន្ធ-អាករ ប្រចាំខែមករា ឆ្នាំ២០២០។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៦៩៧នាក់ មានអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមានចំនួន២១៧នាក់។ ក្នុងនោះ អ្នកឆ្លងក្នុងសហគមន៍ មានចំនួន១៩៤នាក់៕