(ឧត្តរមានជ័យ)៖ លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ បានព្រមានថា អាជ្ញាធរនឹងត្រួតពិនិត្យបណ្តាអាជីវកម្មសេវាកម្មទេសចរណ៍ទាំងឡាយណា ដែលមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល, រាជរដ្ឋាភិបាល ក៏ដូចជា រដ្ឋបាលខេត្ត និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ចំពោះអាជីវកម្មទាំងអស់នោះស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា។
ការព្រមាននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញជាតំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានក្រុមការងារជំរុញណែនាំ និងតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ខេត្ត ដឹកនាំកិច្ចប្រជុំក្រុមការងារការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ក្នុងដំណាក់កាលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ»។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក ឌី រ៉ាដូ បានលើកឡើងថា ផ្អែកតាមលិខិតលេខ០៩៦ សជណ.អគឧ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ របស់ក្រសួងទេសចរណ៍ ស្តីពីការបន្តពង្រឹងវិធានការបិទផ្អាកអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) និងបទបញ្ជារបស់លោកអភិបាលខេត្ត អាជ្ញាធរក្រុង ស្រុកត្រូវចុះត្រួតពិនិត្យបណ្តាអាជីវកម្មសេវាកម្មទេសចរណ៍ ជាពិសេសក្លឹបកម្សាន្ត KTV ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ស្របតាមបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន និងវិធានច្បាប់នានា។
លោកបានបន្តថា បច្ចុប្បន្ននេះ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មានការផ្ទុះឡើង នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» ធ្ងន់ធ្ងរជាងលើកមុនៗ ដោយសារតែមានការលួច បើកធ្វើអាជីវម្មក្លឹបកម្សាន្ត KTV។
អង្គប្រជុំសម្រេចបានលទ្ធផល ដូចខាងក្រោម៖
*ផ្សព្វផ្សាយខ្លឹមសារ របស់ក្រសួងទេសចរណ៍ ស្តីពីការបន្តពង្រឹងវិធានការបិទផ្អាកអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត (រង្គសាល និងឌីស្កូតែក) និងបៀរហ្គាឌិន និងការត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ជាប់ជាប្រចាំពីសំណាក់ក្រុង ស្រុកទាំង៥
*អាជ្ញាធរក្រុងស្រុកបន្តជំរុញការអនុវត្តគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ក្នុងខេត្តជាពិសេសការធ្វើអាជីវកម្មក្លឹបកម្សាន្ត KTV ដែលជាដើមចមធ្វើឱ្យផ្ទុះជម្ងឺកូវីដ-១៩ នាពេលថ្មីៗនេះ អាជ្ញាធរក្រុង ស្រុកស្នើសុំការយោគយល់ និងអធ្យាស្រ័យពីម្ចាស់អាជីវកម្មក្លឹបកម្សាន្តរហូតមានការជូនដំណឹងសារជាថ្មីពីរាជរដ្ឋាភិបាល ឬស្ថានភាពកូវីដត្រូវបានបញ្ចប់។
*មន្ទីរទេសចរណ៍ ក៏ដូចអាជ្ញាធរក្រុង ស្រុកត្រូវណែនាំដល់បណ្តាអាជីវកម្មសេវកម្មទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋានជាដើម អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល។
ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមប្រធានអង្គប្រជុំ លោកក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកានៃអង្គប្រជុំត្រូវចូលរួមអនុវត្តតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នូវវិធានការណ៍ «៣កុំ ៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនជាប្រចាំផងដែរ៕