Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលអាទិភាព

25-02-2021 14:37

(បាត់ដំបង)៖ មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនអភិបាលរងខេត្ត មន្ត្រីសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត មន្ដ្រីសុខាភិបាល ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងចាក់ជូនមន្រ្តីពាក់ព័ន្ធជាបន្ដបន្ទាប់ទៀត។ ដំណើរការចាក់វ៉ាក់សាំងនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង។

របាយការណ៍របស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បង្ហាញថា គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិលបានចំនួន ១០,១១៥នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ៣,២៩១នាក់។

គួរជម្រាបថា ក្រសួងសុខាភិបាល បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១៕