(រតនគិរី)៖ មន្ទីរសុខាភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីសុខាភិបាល និងកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។
វគ្គបណ្តុះបណ្តាលដល់មន្ត្រីសុខាភិបាលខេត្តរតនគិរីនេះ ប្រព្រឹត្តធ្វើឡើងក្រោមវត្តមានលោកវេជ្ជបណ្ឌិត អ៊ុង រតនា ទីប្រឹក្សាអមក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្ត និងមានការចូលរួមពីសំណាក់លោកវេជ្ជបណ្ឌិត ហ៉ីង ផានសុគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្ត, លោកវេជ្ជបណ្ឌិត អេង គុណវុឍ ប្រធានការិយាល័យគ្រប់គ្រង និងបង្ការជំងឺឆ្លង, លោក អ៊ូ ដេត ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការ ព្រមទាំងគ្រូពេទ្យចំនួន ៣០នាក់ផងដែរ។
លោកវេជ្ជបណ្ឌិត អ៊ុង រតនា បានឱ្យដឹងថា មន្ទីរសុខាភិបាលខេត្តរតនគិរី បានទទួលវ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ៣,៦០០ដូស ក្រោមការឧបត្ថម្ភពីក្រសួងសុខាភិបាល ដើម្បីត្រៀមរៀបចំចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដល់មន្ត្រីសុខាភិបាល និងកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីទាំងអស់។
លោកវេជ្ជបណ្ឌិត បានបន្តថា ការចាក់វ៉ាក់សាំងការពារកូវីដ-១៩នេះ ចាប់ពីអាយុ១៨ ដល់៥៩ឆ្នាំ ហើយការចាក់វ៉ាក់សាំងនេះ គ្មានការបង្ខិតបង្ខំឡើយពោល គឺស្ម័គ្រចិត្ត។
បើតាមលោក អ៊ូ ដេត ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការខេត្តរតនគិរី បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដំណាក់កាលទី១ គឺចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ គឺនៅមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកបរកែវ។
លោកបន្តថា មន្ត្រីសុខាភិបាលមានចំនួន ៥២០នាក់ និងមន្ត្រីនគរបាលបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តចំនួន ១,៣០០នាក់ នឹងត្រូវចាក់វ៉ាក់សាំងការពារកូវីដ-១៩ ហើយអ្នកចាក់វ៉ាក់សាំងលើកទី១ រយៈពេល២០ថ្ងៃ ក្រោយ នឹងចាក់វ៉ាក់សាំងលើកទី២ទៀត។ ដោយឡែកប្រជាពលរដ្ឋមិនទាន់ទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅឡើយទេ៕