(បន្ទាយមានជ័យ)៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម នៅរសៀលថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៦នេះ បានប្រគល់ទ្រព្យសម្បតិ្តជាគ្រឿង អលង្ការ ទៅឲ្យជនរងគ្រោះ ក្នុងអំពើប្លន់គឺអ្នកស្រី សយ សុផាន់ណា អាយុ៤៥ឆ្នាំ និងប្តីរបស់ខ្លួន ដែលត្រូវបានក្រុមចោរប្លន់ភ្ជង់យកថង់ដាក់គ្រឿងអលង្ការ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត។
ការប្រគល់គ្រឿងអលង្ការជូនស្រ្តីរងគ្រោះ និងប្តីរបស់ខ្លួនខាងលើនេះ បានធ្វើឡើងក្រោយពីកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ចេញប្រតិបត្តិការ ចេញបង្ក្រាបក្រុមចោរប្លន់ជាបន្តបន្ទាប់រហូតដល់៤នាក់ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ព្រមទាំងដកហូតនូវវត្ថុតាងមួយចំនួន និងទ្រព្យសម្បតិ្តរបស់ជនរងគ្រោះមកវិញ។ ភ្នាក់ងារ Fresh News បានរាយការណ៍ថា គ្រឿងអលង្ការដែលលោកស្នងការ និងមន្រ្តីរបស់ខ្លួនប្រគល់ជូនជនរងគ្រោះវិញនោះរួមមាន៖ ក្រវិលផ្លាកទីនចំនួន៥៣គូ ខ្សែកផ្លាកទីនចំនួន៨៣ខ្សែ របស់បញ្ចាំចំនួន២០ថង់ ខ្សែដៃផ្លាកទីន ចំនួន៣៧ខ្សែ ខ្សែជើងផ្លាកទីន ចំនួន៤៩ខ្សែ កងដៃផ្លាកទីនចំនួន៨២គូ ចិញ្ជៀន ផ្លាកទីនចំនួន១៩០វង់។ នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ក៏បានប្រគល់ជូនថវិកាឧបត្ថម្ភ លើកទឹកចិត្តជូនមន្រ្តីនគរបាលរបស់ខ្លួនចំនួន១,០០០ដុល្លារផងដែរ។
សូមបញ្ជាក់ថា ក្រោយមានករណីភ្ជង់ប្លន់ស្រ្តីអាជីវករលក់មាស នៅផ្សារយួន ក្រុងប៉ោយប៉ែតនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦មកនោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ អាត់ ខែម បានដឹកនាំកម្លាំងនគរបាលជំនាញ សហការជាមួយនគរបាលជំនាញសន្តិសុខផ្ទៃ ក្នុងក្រសួងមហាផ្ទៃ បើការស្រាវជ្រាវរហូតតាមចាប់ក្រុមចោរប្លន់ចំនួន៤នាក់ ជាបន្តបន្ទាប់ ដោយ៣នាក់ចាប់ខ្លួននៅក្រុងប៉ោយប៉ែត និងម្នាក់ទៀតត្រូវបានចាប់ខ្លួននៅខេត្តបាត់ដំបង៕