(ភ្នំពេញ)៖ ដើម្បីជំរុញឱ្យការព្យាបាលដំណើរការទៅដោយរលូន មានសណ្ដាប់ធ្នាប់ របៀបរៀបរយល្អ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយទីប្រឹក្សាស្ថានទូតចិន និងក្រុមការងារពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ បានដឹកនាំកម្លាំង ចុះពិនិត្យជាក់ស្ដែងនៅទីបញ្ជាការស្រាលមួយកន្លែង នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-រុស្ស៊ី ដើម្បីសហការក្នុងការយកចិត្តទុកដាក់មើលថែអ្នកជំងឺ។
មន្ត្រីជំនាញឱ្យដឹងថា នៅពេលនេះជនជាតិចិន និងប្រជាពលរដ្ឋកម្ពុជាចំនួន៤២នាក់ បាននិងកំពុងសំរាកព្យាបាលជំងឺកូវីដនៅក្នុងមន្ទីរពេទ្យរុស្ស៊ី ក្រោយពីអ្នកទាំងនេះត្រូវបានរកឃើញថា មានភាពវិជ្ជមានជំងឺដ៏កាចសាហាវមួយនេះក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភ:។
ក្នុងឱកាសនោះលោក ឃួង ស្រេង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជា រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការទប់ស្កាត់ការបង្ការនូវជំងឺកូវីដ១៩ ក្រោយបានរកឃើញថា មានវិជ្ជមានកូវីដ-១៩ ហើយយើងបានយកពួកគាត់ទៅដាក់តាមមន្ទីរពេទ្យនានា ដែលយើងបានរៀបចំទុក និងបានយកចិត្តទុកដាក់ក្នុងការព្យាបាល ដោយមិនគិតថាអ្នកជំងឺទាំងនោះ ជាជនជាតិបរទេស ជនជាតិខ្មែរនោះទេ ហើយការព្យាបាល ក៏មិនត្រូវអោយមានការបង់ប្រាក់នោះដែរ។
លោក ឃួង ស្រេង ក៏បានសូមឲ្យអ្នកជំងឺទាំងអស់សហការជាមួយគ្រូពេទ្យ និងក្រុមការងារដោយរក្សាសណ្តាប់ធ្នាប់របៀបរៀបរយឲ្យបានល្អ គោរពទៅតាមបទបញ្ជាការណែនាំរបស់គ្រូពេទ្យ។ បន្ថែមពីនេះ លោក ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះស្ថានទូតចិនដែលបានសហការបានយ៉ាងល្អ ជុំវិញការស្រាវជ្រាវការផ្ដល់ព័ត៌មានជុំវិញជនជាតិចិនដែលសង្ស័យថាមានផ្ទុកកូវីដ-១៩។
ពួកគេទាំងនេះទទួលបានព្យាបាលដោយការយកចិត្តទុកដាក់ពីសំណាក់លោកគ្រូ អ្នកគ្រូនៅមន្ទីរពេទ្យរុស្ស៊ី។ ចំណែកតំណាងស្ថានទូតចិនវិញ ក្នុងឱកាសនោះ ក៏បានអរគុណផងដែរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធររាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ចំពោះបងប្អូនជនជាតិចិនមានកូវីដ-១៩ ស្នាក់នៅកម្ពុជា៕