(ព្រៃវែង)៖ លោក ហ៉ី ធួក អភិបាលស្រុកពារាំង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រៃវែងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះថា មនុស្ស៥៣នាក់ ដែលមានការពាក់ព័ន្ធ និងកូនសិស្ស២៤នាក់ ជាប់ពាក់ព័ន្ធដោយប្រយោលជាមួយស្ត្រីម្នាក់ឆ្លងជំងឺកូវីដ១៩ ដែលមកលេងស្រុកកំណើតនៅភូមិជំនីក ឃុំពពិល ស្រុកពារាំង ខេត្តព្រៃវែង ត្រូវបានអាជ្ញាធរបញ្ជូនទៅព្យាបាលនៅរាជធានីភ្នំពេញ។ ចំណែកអ្នកដែលពាក់ព័ន្ធកំពុងធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យ ព្រមទាំងស្រាវជ្រាវបន្តទៀត។
បើតាមលោកអភិបាលស្រុក «តាមការសាកសួរព័ត៌មាន មុនដំបូងប្ដីប្រពន្ធរូបនោះមានអាការៈមិនស្រួលខ្លួនក្អក ដោយសង្ស័យពួកគេ ក៏បានទៅពិនិត្យនៅមន្ទីពេទ្យខ្មែរមិត្តភាព-រុស្ស៉ី រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីមកយកសំណាកពួកខ្លួន ទៅពិនិត្យ រួចទុកលេខទូរស័ព្ទនៅគ្រូពេទ្យ។ បន្ទាប់មកនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ប្រពន្ធបានជិះកង់បីឥណ្ឌា ជាមួយម្តាយមកលេងស្រុកកំណើតមានគ្នាពី ៣ ទៅ៤នាក់ នៅភូមិជំនីក ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ រីឯប្តីនៅភ្នំពេញ ខណៈមកដល់ផ្ទះមានអ្នកជិតខាងបងប្អូនមកលេង និងសួរសុខទុក្ខផងដែរ លុះក្រោយមកទៀតស្រាប់តែក្រុមគ្រូពេទ្យនៅភ្នំពេញបានទូរស័ព្ទមកថា លទ្ធផលវិជ្ជមានកូវីដ-១៩ ទើបពួកគេចេញពីផ្ទះវិលត្រឡប់ទៅព្យាបាលនៅភ្នំពេញតែម្ដងទៅ»។
ជុំវិញករណីនេះដែរ លោក ហុី ធួក បានឱ្យដឹងថា ដោយមានការណែនាំមកទាំងយប់មកលោកផ្ទាល់ និងមន្ត្រីដែលពាក់ព័ន្ធពីនាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងារចុះជួយស្រុកពារាំង ឱ្យមានការយកចិត្តទុកដាក់ចំពោះករណីអ្នកដែលមានការពាក់ព័ន្ធជាមួយស្ត្រីដែលឆ្លងជំងឺកូវីដ-១៩ និងអ្នកដែលពាក់ព័ន្ធដោយប្រយោលត្រូវយកសំណាកទៅពិនិត្យនឹងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវព្រមទាំងបន្តស្វែងរកអ្នកដែលពាក់ព័ន្ធបន្ថែមទៀត។
លោកបានបញ្ជាក់ថា ដោយមានការណែនាំពីអាជ្ញាធរខេត្តដែលមានលោក ជា សុមេធី អភិបាលខេត្ត បានដាក់បទបញ្ជាទៅអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញទាំងអស់ ត្រូវតែយកអ្នកដែលពាក់ព័ន្ធទាំងអស់ ធ្វើចត្តាឡីស័កនឹងយកសំណាក ទៅពិនិត្យនៅរាជធានីភ្នំពេញ ដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩។ ចំណែកទីតាំងដែលកើតហេតុកំពុងតែមានហ៊ុព័ទ្ធមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះទេ។ ចំណែកកូនសិស្ស ២៤នាក់ ដែលរៀននៅសាលាវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន កំពង់ពពិល ក៏កំពុងតែឱ្យនៅមួយកន្លែងដើម្បីមន្ត្រីជំនាញធ្វើការពិនិត្យផងដែរ។
បច្ចុប្បន្ន អ្នកពាក់ព័ន្ធអាជ្ញារស្រុកពារាំង និងការិយាល័យសុខាភិបាលស្រុក និងខេត្តស្រាវជ្រាវយកមកធ្វើចត្តាឡីស័កនៅខេត្តព្រៃវែង៕