(ស្ទឹងត្រែង)៖ រថយន្តកូរ៉េ២តោនកន្លះ ប្រភេទបែនដឹកដី បានកិនស្ត្រីម្នាក់ពេល ជិះម៉ូតូចេញពីផ្ទះ ហើយរអិលដួលក្បែរចិញ្ចើមផ្លូវ បណ្តាលឲ្យបែកក្បាលមួយចំហៀង ស្លាប់ភ្លាមៗ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឬស្សី ក្រុងខេត្តស្ទឹងត្រែង។
មន្ត្រីនគរបាលក្រុងស្ទឹងត្រែង បានឱ្យដឹងថា ជនរងគ្រោះ ស្លាប់ដោយសាររថយន្តកិនមានឈ្មោះម៉ាន់ គឹមហួ អាយុ៤៦ឆ្នាំ មានទីលំនៅ ក្នុងភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។
សមត្ថកិច្ចបានបន្តថា បើតាមសាក្សីនៅកន្លែងកើតហេតុ គេបានឃើញស្ត្រីរងគ្រោះ បានជិះម៉ូតូម៉ាកស្មាក់ពណ៌ក្រហម គ្មានស្លាកលេខ ចេញពីផ្ទះក្នុងទិសដៅពីត្បូងមកជើង ខណៈនោះក៏មានរថយន្តបែនដឹកដីកូរ៉េ២តោនកន្លះ បើកពីជើងមកត្បូង ក្នុងទិសដៅច្រាសគ្នា ហើយស្ត្រីរងគ្រោះបានរអិលដួលនៅគៀនថ្នល់ ពេលនោះ រថយន្តបានមកដល់ល្មម ដោយសារផ្លូវលំតូចប៉ុនមួយរថយន្ត បានកិនស្ត្រី រងគ្រោះចំក្បាលផ្នែកខាងឆ្វេង បែកមួយចំហៀងលានភ្នែក ស្លាប់មួយរំពេច ។
សមត្ថកិច្ចបន្តថា ក្រោយកើតហេតុរថយន្តបង្កបានថយមកក្រោយ បើករត់គេចបាត់ស្រមោល។ តែទោះជាយ៉ាងណារថយន្តដឹកដី ខាងលើ ត្រូវបានសមត្ថកិច្ចស្គាល់ ហើយពេលនេះសមត្ថកិច្ចកំពុងសា្រវជ្រាវ ដើម្បីនាំយករថយន្ត និងម្ចាស់មកដោះស្រាយ តាមផ្លូវច្បាប់។ ចំណែកម៉ូតូ ជនរងគ្រោះបានយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ខណៈសពសមត្ថកិច្ចបានប្រគល់ឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕