(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជាប់ឆ្នោតសារជាថ្មី ជាអនុប្រធានប្រឹក្សាភិបាល ក្លឹបឆ្នេរសមុទ្រស្អាតបំផុត លើសាកលលោក សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលមានរយៈពេលអាណត្តិ៣ឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨។
តាមការប្រកាសរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ការជាប់ជាអនុប្រធានក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក របស់រដ្ឋមន្រ្តីកម្ពុជារូបនេះ បានធ្វើឡើង តាមរយៈការបោះឆ្នោត កិច្ចប្រជុំមហាសន្និបាតលើកទី១១ របស់ក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុត លើសាកលលោក នៅប្រទេសហ្វីលីពីន នាដើមខែកុម្ភៈ ហើយដែលទើប នឹងប្រកាសនាពេលនេះ ។
នៅក្នុងការបោះឆ្នោតនេះ លោក ថោង ខុន ទទួលសំលេងគាំទ្រច្រើនលើសលុប គឺ១៧ ទល់នឹង៣ ឈ្នះប្រទេសហ្វីលីពីន (ដែលជាម្ចាស់ផ្ទះ) ក្នុងការបោះឆ្នោតចុងក្រោយ។ សូមបញ្ជាក់ផងដែរថា ចំពោះករណីនេះ កម្ពុជាពុំបានស្នើបេក្ខភាពទេ គឺគណៈប្រតិបត្តិក្លឹប ជាពិសេសលោកស្រី Maria Das Dores Meira ជនជាតិប៉រទុយហ្កាល់ ដែលជាប្រធានក្លឹបអាណត្តិ ២០១៦-២០១៩ ជាអ្នកស្នើបេក្ខភាពជំនួសកម្ពុជា។
ក្រសួងទេសចរណ៍បានប្រកាសថា លទ្ធផលនេះ ពិតជាមានមោទនភាពរបស់កម្ពុជា ដែលបានជាប់ជាអនុប្រធានក្លឹប ២អាណត្តិ ជាប់ៗគ្នាដែលនេះក៏ជាលើកទី១ ដែលសមាជិកឆ្នេរក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកអាចក្លាយជាអនុប្រធានក្លឹប២អាណត្តិជាប់គ្នា។ បន្ថែមពីលើនេះ គណៈប្រតិបត្តិក្លឹបក៏បានស្នើឲ្យកម្ពុជា ចូលរួមជាគណៈកម្មការវាយតម្លៃក្នុងការចុះវាយតម្លៃ ឆ្នេរបេក្ខភាពទាំង២ របស់ប្រទេសជប៉ុន ក្នុងនាមជាអនុប្រធានទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងធ្វើឡើងក្នុងកំឡុងឆ្នាំ២០១៦នេះផងដែរ។
ទន្ទឹមនឹងនេះ កម្ពុជាបានសំដែងនូវការអបអរសាទរចំពោះឆ្នេរសមុទ្រ Morbihan ជាពិសេសចំពោះលោកDavid Roboអភិបាលក្រុង Vannes ដែលត្រូវបានជាប់ឆ្នោតជាអនុប្រធានក្លឹបសម្រាប់តំបន់អ៊ឺរ៉ុប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកក្លឹប ជាពិសេសលោក Bruno Bodardអគ្គនាយកក្លឹបនិងគណៈប្រតិភូឆ្នេរសមុទ្រ Morbihan ដែលបានគាំទ្រកម្ពុជារហូតបានក្លាយជា អនុប្រធានក្លឹបសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងអាណត្តិទី២នេះផងដែរ៕