(ភ្នំពេញ)៖ បន្ទាប់ពីមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ទីបំផុតបានរកឃើញម្ចាស់ជីលាភី នៃការប្រកួតប្រជែងគំរូអាជីវកម្ម (BMC) លើកទី១១ នៅកម្ពុជាចំនួន៣ក្រុម។
ក្រុមចំនួន៣ដែលទទួលមេដាយមាស, មេដាយសំរិទ្ធ និងមេដាយប្រាក់រួមមាន៖
១៖ មេដាយមាស និងប្រាក់រង្វាន់ចំនួន៥,០០០ដុល្លារ បានលើក្រុម Mhao Srop (មហោស្រព) មកពី Liger Leadership Academy និងពានរង្វាន់ជើងឯកសំរាប់ការប្រកួត ប្រជែងគំរូអាជីវកម្ម BMC ២០២១។
២៖ មេដាយប្រាក់ និងប្រាក់រង្វាន់ចំនួន៣,០០០ដុល្លារអាមេរិក បានទៅក្រុម Find Me Doc ពីមហាវិទ្យាល័យអន្តរជាតិ របស់សាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
៣៖ មេដាយសំរិទ្ធ និងប្រាក់រង្វាន់ចំនួន ២,០០០ដុល្លារអាមេរិក បានលើក្រុម Kitchen Square មកពី kirirom institute of technology & Harpswell Foundation
ចំណែកពានរង្វាន់ច្នៃប្រឌិតថ្មី និងទឹកប្រាក់ចំនួន ៣,០០០ដុល្លារអាមេរិក បានលើក្រុម Bong Snacks មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងNaresaun University។
ពានរង្វាន់សង្គម និងទឹកប្រាក់ចំនួន២,០០០ដុល្លារអាមេរិក បានលើលក្រុម Da Wheels មកពី CamEd Business School, STEP Academy, វិទ្យាស្ថានភាសាបរទេស (IFL) និងសាកលវិទ្យាល័យ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សូមជម្រាបថា ការប្រកួតប្រជែងនេះបានប្រមូលផ្តុំ ក្រុមសាកលវិទ្យាល័យចំនួន១៣ ដើម្បីចូលរួមក្នុងការប្រកួតប្រជែងគំរូអាជីវកម្ម របស់ប្រទេសជាតិ។ ក្រុមប្រកួតទាំងអស់បានប្រកួត លើគំនិតអាជីវកម្មរបស់ក្រុមខ្លួន នៅមុខគណៈកម្មាការចំនួន១០រូប ក្នុងនោះរួមមាន៖ សហគ្រិន និងនាយកប្រតិបត្តិជាន់ខ្ពស់ មកពីសហគ្រិនខ្មែរ, Smart Axiata, Total Cambodge, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife និងធនាគារស្ថាបនា (Sathapana Bank)។
គោលបំណងនៃការប្រកួតប្រជែងគំរូអាជីវកម្ម ធ្វើឡើងដើម្បីអភិវឌ្ឍទេពកោសល្យយុវជននៅកម្ពុជា និងដើម្បីបង្កើតផ្នត់គំនិតសហគ្រិនភាព សម្រាប់សិស្សនិស្សិតដែលនឹងមានសក្តានុពលវែង ដែលនាំឱ្យមានការបើកអាជីវកម្ម និងការបណ្តាក់ទុនដល់សង្គមនាពេលអនាគត។ ការប្រកួតប្រជែងនេះរៀបចំឡើងជារៀងរាល់ឆ្នាំ និងរៀបចំឡើងដោយមហាវិទ្យាល័យអន្តរជាតិ របស់សាកលវិទ្យាល័យជាតិគ្រប់គ្រង និងអង្គការក្រៅរដ្ឋាភិបាលជប៉ុន CIESF ដោយមានសាកលវិទ្យាល័យជប៉ុនវ៉ាសេដា ធ្វើជាដៃគូផ្តល់មតិយោបល់ និងចំណេះដឹងដ៏សំខាន់ សម្រាប់កម្មវិធីប្រកួត។
ការប្រកួតនេះបានរៀបចំឡើងក្នុង២០១០ ដែលជាការប្រកួតប្រជែង ផែនការអាជីវកម្មខ្នាតតូច និងមធ្យមថ្នាក់ជាតិ ប៉ុន្តែបច្ចុប្បន្ននេះបានផ្លាស់ប្តូរពី ផែនការអាជីវកម្មទៅការប្រកួតប្រជែងគំរូ អាជីវកម្មដែលលើកទឹកចិត្ត ដល់សិស្សនិស្សិតឱ្យមានគំនិត ចូលរួមបង្កើតគំរូអាជីវកម្មថ្មី និងច្នៃប្រឌិត បន្ទាប់មកយកគំនិតអាជីវកម្មទាំងនោះទៅសាកល្បង និងធ្វើឱ្យការសន្មត់គំរូ អាជីវកម្មរបស់ពួកគេដោយប្រើ Lean Start-up Techniques។
សម្រាប់ឆ្នាំនេះទទួលបានវីដេអូប្រកួតចំនួន៧០ ពីសាកលវិទ្យាល័យសាធារណៈ និងឯកជន ជាង២៥ទូទាំងកម្ពុជា។ បន្ទាប់មកយើងធ្វើការជម្រើសយក២៨ក្រុម ដើម្បីឲ្យពួកគាត់ ទទួលបានការបណ្តុះបណ្តាល និងការណែនាំបន្ថែមពីអ្នកជំនាញ។
បន្ទាប់មកការប្រកួតវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្ររៀបចំឡើងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ជាលទ្ធផលដែលបានជ្រើសរើសក្រុមខ្លាំងទាំង១៣ ដែលប្រកួតជុំចុងក្រោយនៅថ្ងៃទី២០ ខែកុម្ភៈ នៅស៊ីជេស៊ីស៊ី (CJCC) ដើម្បីទទួលបានប្រាក់រង្វាន់១៥,០០០ដុល្លារអាមេរិក។
ក្រៅពីទទួលបានប្រាក់រង្វាន់ក្រុមចំនួន៣នេះ ត្រូវបានជ្រើសរើស ដើម្បីធ្វើជាតំណាងឱ្យប្រទេសកម្ពុជា ក្នុងការប្រកួតប្រជែងអាជីវកម្ម ក្នុងតំបន់មេគង្គ ដែលនឹងមានក្រុមសាកលវិទ្យាល័យកំពូលៗ មកពីតំបន់មេគង្គ និងប៊ូតានចូលរួម។ បន្ទាប់មកអ្នកឈ្នះនឹងឈានទៅប្រកួតប្រជែង គំរូអាជីវកម្មជាសកលនៅសហរដ្ឋអាមេរិក៕