(ព្រះសីហនុ)៖ លោក ចាន់ វណ្ណដា បានអំពាវនាវដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួយផ្តល់យុត្តិធម៌ដល់ម្តាយរបស់ខ្លួនគឺលោកស្រី ជុំ សារិន អាយុ៥៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅផ្ទះលេខ៤១៨ ផ្លូវបេតុង ភូមិ មិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ដែលបានបាត់ប ង់ដីដីធ្លី និងធ្លាប់ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារទៀតផងកាលពីឆ្នាំ២០២០កន្លងទៅ។
លោក ចាន់ វណ្ណដា បានឲ្យដឹងថា ម្តាយរបស់លោកធ្លាប់បានជាប់ពន្ធនាគារជាងកន្លះឆ្នាំដោយសាររឿងដីធ្លី នៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយសារភាគីម្ខាងទៀតបានប្តឹងទៅតុលាការ ដោយចោទប្រកាន់ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងលួចលក់អចលនវត្ថុអ្នកដទៃ រហូតតុលាការចេញដីកាដាក់ពន្ធនាគារទៀត ទំរាំស្វែងរកអន្តរាគមន៍ ពីតុលាការជាន់ខ្ពស់ ហើយបានចេញមកនៅក្រៅឃុំវិញ ប៉ុន្តែដីធ្លីជាង១០ហិកតា ត្រូវគេយកទៅគ្រប់គ្រងបាត់ហើយ។
លោកថា ម្តាយរបស់លោកជាស្ត្រីមេម៉ាយមានកូនពីរនាក់ បានខិតខំរកស៊ីតាមសមត្ថភាពរបស់ខ្លួនដើម្បីចិញ្ចឹមកូនពីរនាក់។ គាត់បានខិតខំសន្សំសំចៃបានប្រាក់កាក់បន្តិចបន្តួចយកទៅទិញដី នៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពីឈ្មោះ ហៅ ជី ៨ហិតតា និង៧៧អា ក្នុងតម្លៃជាប្រាក់ ៣,០០០ដុល្លារ ក្នុងមួយហិកតា និងទិញពីឈ្មោះ សោម សារឿន ទំហំ ៤ហិកតា ក្នុងតម្លៃជាប្រាក់ ៣,០០០ដុល្លារ ក្នុងមួយហិកតាដូចគ្នានៅឆ្នាំ
២០០៨ និងឆ្នាំ២០០៩។ ក្រោយពីបានទិញរួចរាល់ហើយ ម្តាយរបស់លោក បានបោះបង្គោលបួនជ្រុងធ្វើពីស៊ីម៉ង់តាមព្រំដីជុំវិញ។ គាត់បានកាន់កាប់ និងអាស្រ័យផលនៅលើដីនោះ ដោយបានសាងសង់ផ្ទះមួយខ្នងប្រក់សង្ក័សី និងបាំងជញ្ជាំងសង្កែសី ព្រមទាំងបានដាំដំណាំផ្សេងៗដូចជា ដំឡូងមី និងបន្លែជាដើម អស់រយៈពេលជាង១០ឆ្នាំ គឺចាប់ពីឆ្នាំ២០០៨ និងឆ្នាំ២០០៩។
លុះដល់ខែមិថុនា ឆ្នាំ២០១៩ ក៏មានមនុស្សមួយក្រុម មិនស្គាល់ឈ្មោះ មកធ្វើរបងព័ទ្ធចូលដីរបស់ម្តាយលោកដែលកំពុងកាន់កាប់។ ពេលនោះម្តាយលោកបាទបានទៅឃាត់អ្នកទាំងនោះមិនឱ្យធ្វើរបងនៅលើដីគាត់ស្រាប់តែ ឈ្មោះ ឡុង ចន្ថា និងឈ្មោះ ឃឹម សុកខៃ បានចេញមុខមកអះអាងថា គេជាម្ចាស់ដីរហូតដាក់ពាក្យបណ្តឹងទៅកាន់តុលាការតែម្តង។
នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី ជុំ សារិន បានចូលទៅបំភ្លឺនៅតុលាការខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងរឿងដីធ្លីទាំងនេះ ក្រោយលោកស្រីត្រូវបានតុលាការដាក់ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ លោកស្រីសង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌ជូនលោកស្រី និងអាចកាន់កាប់ដីធ្លីឡើងវិញបាន៕