(ភ្នំពេញ)៖ បើយោងតាមផែនការនៅក្នុងឆ្នាំ២០២២ខាងមុខនេះ ខេត្ដព្រះសីហនុ ដែលខេត្ដមួយកំពុងតែមានអភិវឌ្ឍន៍ខ្លាំងនោះ នឹងទទួលបាននូវសមទ្ធិផលថ្មីធំៗចំនួន២បន្ថែមទៀត រួមមាន៖ ផ្លូវរត់ព្រលានយន្ដហោះកងកេង ដែលជាផ្លូវរត់វែងជាង ក្នុងប្រទេសកម្ពជា និងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ។
ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុប ជាង១៩០គីឡូម៉ែត្រ ដែលចំណាយថវិកា សាងសង់សរុប ប្រមាណ២,០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។
ផ្លូវនេះ ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុង ប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ប្រវែង៨៩.៨៩គីឡូម៉ែត្រ។
ដោយឡែកផ្លូវរត់ព្រលានយន្ដហោះកងកេង ខេត្ដព្រះសីហនុ ដែលជាផ្លូវរត់វែងជាង ក្នុងប្រទេសកម្ពជានោះ ត្រូវបានរាជរដ្ឋាភិបាល ផ្ដល់សិទ្ធឲ្យក្រុមហ៊ុនវ៉ាងស៊ី របស់ប្រទេសបារាំង ជាអ្នកសាងសង់។
បើតាមក្រុមហ៊ុនវ៉ាងស៊ី បានធានារ៉ាប់រងថា នឹងធ្វើឲ្យរួចរាល់ នៅក្នុងរង្វង់ឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ដូច្នេះយន្ដហោះធំៗ ដែលមកពីឆ្ងាយរាប់ទាំងយន្ដហោះ របស់ប្រធានាធិបតីអាមេរិកក៏អាចមកចុះចត នៅប្រទេសកម្ពុជាបានដែរ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ព្រលានយន្ដហោះកងកេង ខេត្តព្រះសីហនុ គឺជាព្រលានយន្ដហោះ ដែលមានប្រវែងរត់វែងជាងគេ នៅក្នុងប្រទេសកម្ពុជា ហើយមកដល់ពេលនេះ កំពុងធ្វើបានកសាងផ្លូវរត់ ផ្លូវចុះចតសម្រាប់យន្ដហោះ។
លោក គួច ចំរើន បានឲ្យដឹងទៀតថា បើគ្មានការវាយប្រហារពីជំងឺកូវីដ-១៩នោះទេ សង្ឃឹមថា ផ្លូវរត់ព្រលានយន្ដហោះកងកេង នឹងអាចរួចរាល់ នៅក្នុងឆ្នាំ២០២២ ដែលជាការគាំទ្រ ដល់សំខាន់បន្ថែមទៀត សម្រាប់ការវិនិយោគ និងការអភិវឌ្ឍន៍ នៅក្នុងខេត្តព្រះសីហនុ។
លើសពីនោះទៀត អភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំជាប្រចាំ ក្នុងការកសាង, ការអភិវឌ្ឍន៍, ការដោះស្រាយ និងបញ្ហាប្រឈមនានា ដើម្បីជំរុញឲ្យការសាងសង បានលឿនឆាប់ទៅតាមផែនការ ដែលបានគ្រោងទុក។
ចំពោះការសាងសង់ ផ្លូវល្បឿនលឿនវិញ ត្រូវបានអភិបាលខេត្តព្រះសីហនុ បញ្ជាក់ឲ្យដឹងថា ការកសាងផ្លូវនេះ មិនមានឧបសគ្គពីបញ្ហាកូវីដ-១៩នោះទេ ព្រោះថា ក្រុមជាងក្រុមវិស្វករ គឺបានមានវត្ដមាន នៅលើការដ្ឋានរួចរាល់ហើយ។
លោក គួច ចំរើន បានឲ្យដឹងទៀតថា ចំពោះដំណើរការសាងសង ផ្លូវល្បឿនលឿននេះ នៅលើទឹកដីខេត្តព្រះសីហនុ មិនមានផ្ដល់ប៉ះពាល់អ្វីនោះទេ ព្រោះថា រដ្ឋបាលខេត្តបានដោះស្រាយនូវបញ្ហាទាំងនេះ រួចអស់ហើយ។
គូសបញ្ជាក់ថា រាជរដ្ឋាភិបាល បនកំណត់ក្នុងផែនការ រៀបចំដែនដី ខេត្តព្រះសីហនុ ចក្ខុវិស័យ ឆ្នាំ២០៣០ គឺរៀបចំ និងអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិ ប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក។
ជាពិសេស ជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយ ទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្ម ជាមួយនឹងបរិស្ថាន រស់នៅល្អប្រសើរ៕