(បន្ទាយមានជ័យ)៖ លោក ជា មឿយ ជាកសិករម្នាក់ដែលប្រកបរបរកសិកម្ម ដាំដំណាំត្រប់វែង និងត្រប់ស្រួយ នៅខេត្តបន្ទាយមានជ័យ មានការសប្បាយចិត្តយ៉ាងខ្លាំង ព្រោះដំណាំប្រភេទនេះកំពុងត្រូវប៉ាន់លើទីផ្សារ។
តាមការរៀបរាប់ប្រាប់ភ្នាក់ងារ Fresh News ម្ចាស់កសិដ្ឋានឈ្មោះ ជា មឿយ អាយុ៤៧ឆ្នាំ រស់នៅភូមិពង្រ ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ បានឲ្យដឹងថា លោកកំពុងដាំបន្លែត្រប់នៅកសិដ្ឋានភ្នំកងវ៉ា ដែលមានត្រប់ពីរប្រភេទ គឺត្រប់ស្រួយ និងត្រប់វែង។ ក្នុងនោះត្រប់ស្រួយមានតម្លៃមួយគីឡូក្រាម ១៨០០រៀល រីឯត្រប់វែងមួយគីឡូតម្លៃ ១៥០០រៀល ដែលក្នុងតម្លៃនេះឈ្មួយកណ្ដាលមកបេះដល់ចំការ ដោយមិនចាំបាច់យកទៅលក់នៅទីផ្សារនោះទេ។
លោក ជា មឿយ បន្តថា កន្លងមកនៅកសិដ្ឋាននេះ លោកបានដាំពោត តែដោយសារតែពោតមិនបានផលល្អ ទើបគាត់កែប្រែកសិដ្ឋានមកដាំត្រប់វិញ។ ការដាំត្រប់នេះ ឃើញថាទទួលបានផលគួរជាទីគាប់ចិត្ត ហើយផលពីការដាំត្រប់ ធ្វើឲ្យគ្រួសារគាត់មានជីវភាពធូធារផងដែរ។
លោកបន្តថា ការដាំដំណាំត្រប់ ងាយស្រួលថែជាងដំណាំផ្សេងៗ ដោយគ្រាន់តែមើលថែតែពេលចេញផ្កាមិនឲ្យសត្វល្អិតមកយាយីលើផ្កាតែប៉ុណ្ណោះ។ ចំពោះអាយុកាល នៃការដាំមានរយៈតែ ២ខែ បានប្រមូលផល។
ក្រៅពីដំណាំត្រប់ លោក ជា មឿយ បានបន្តដាំដំណាំស្ពៃក្ដោបទៀតផង។ លោកឲ្យដឹងថា តាមការពន្យល់ពីមន្ត្រីជំនាញកសិកម្ម ខេត្តបន្ទាយមានជ័យ ពីបញ្ហាបច្ចេកទេសនៅកសិដ្ឋានអាស្រមភ្នំកងវ៉ា និងជួយបណ្ដុះបណ្ដាលវិធីដាំឃើញថា ស្ពៃមានទិន្និផលល្អ។ នេះជាលើកទីមួយហើយ ដែលលោកដាំស្ពៃក្តោប។
ចំណែករោងស្ពៃនេះទៀតសោត អ្នកជំនាញរបស់មន្ទីរ និងអង្គការជាដៃគូសហការគ្នាផ្ដល់ឲ្យគាត់។ លោកបានអរគុណដល់មន្ទីរកសិកម្ម និងអង្គការជាដៃគូ ដែលបានពន្យល់វិធីដាំដំណាំស្ពៃក្ដោបនៅជើងភ្នំកងវ៉ា ក្នុងខេត្តបន្ទាយមានជ័យនេះ។ លោកសង្ឃឹមថា តម្លៃស្ពៃក្តោបក៏មានហាងឆេងលើទីផ្សារ ដូចដំណាំត្រប់ដែរ។
កសិករខាងលើ បានអំពាវនាវដល់ឈ្មួយកណ្ដាលឲ្យមកទទួលទិញផលដំណាំ ដែលពួកគាត់ដាំនៅជើងភ្នំកងវ៉ា ក្នុងខេត្តបន្ទាយមានជ័យ ព្រោះថានៅទីនោះ មានប្រជាកសិករជាច្រើន បាននាំគ្នាប្រកបរបកសិកម្មដំណាំបន្លែគ្រប់ប្រភេទ ដូចជាស្ពៃក្ដោប ត្រប់ស្រួយ ត្រប់វែង ផ្លែល្ហុង ត្រសក់ស្រូវ និងស្ពៃក្រញាញ់ជាដើម។ មិនតែប៉ុណ្ណោះម្ចាស់កសិដ្ឋានដដែល បានអំពាវនាវបន្ថែម ឲ្យពលរដ្ឋជួយគាំទ្របន្លែរបស់កសិករ ដើម្បីជាកម្លាំងចិត្តដល់ពួកគាត់ ដែលជាអ្នកប្រកបរបរកសិកម្ម៕