(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌព្រែកព្នៅ បានប្រគល់នូវម៉ាសដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដល់អធិកានគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌរដ្ឋបាលសង្កាត់ទាំង៥ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩ ជាពិសេសចែកជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅសហគមន៍ក្រីក្រ ក្រោមអធិបតីលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និងលោក សុខ សម្បត្តិ អភិបាលខណ្ឌ និងមន្ត្រីរាជការជាច្រើនរូបទៀតនាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។
នាឱកាសនោះដែរលោក សុខ សម្បត្តិ បានលើកឡើងថា ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្រ និងប្រជាពលរដ្ឋ ដែលរស់នៅបន្ទប់ផ្ទះជួល ក្នុងរដ្ឋបាលសង្កាត់ទាំង៥ ទទួលបានម៉ាសក្រណាត់ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ស្មើៗគ្នា។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌព្រែកព្នៅ បានអំពាវនាវដល់លោក លោកស្រី ដែលជាប្រធានក្រុមការងារចុះជួយសង្កាត់ទាំង៥ ចូលរួមចែកម៉ាសដល់ប្រជាពលរដ្ឋរស់នៅក្នុង សហគមន៍ក្រីក្រ និងប្រជាពលរដ្ឋដែលរស់នៅ បន្ទប់ផ្ទះជួល តាមសង្កាត់រៀងៗខ្លួន និងបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តយកចិត្តទុកដាក់ការពារ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺ កូវីដ-១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ហើយចូលរួមអនុវត្តឲ្យបានត្រឹមត្រូវទាំងអស់គ្នានូវអានុសាសន៍សម្តេចតេជោ «៣កុំ និង ៣ ការពារ» ត្រូវពាក់ម៉ាស ត្រូវលាងសម្អាតនៅភាពកខ្វក់ជាមួយអាកុល ជែល ឬសាប៊ូ និងរក្សាគម្លាតចាប់ពី ១.៥ម៉ែត្រឡើងទៅ។
គួបញ្ជាក់ថា ម៉ាសដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន យកមកចែកជូននាពេលនេះ មានអធិកានគបាលខណ្ឌចំនួន ២០០០ម៉ាស កងរាជអាវុធហត្ថខណ្ឌចំនួន ២០០០ម៉ាស សង្កាត់ទាំង៥ទទួល បានក្នុង១សង្កាត់២០០០ម៉ាស សហគមន៍ទទួលបាន ១០០០ម៉ាស ការិយាល័យទាំង១១ ក្នុង១ការិយាល័យទទួលបាន១០០ម៉ាសផងដែរ៕