(បន្ទាយមានជ័យ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទូទាំងខេត្តបន្ទាយមានជ័យ បានចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី ដោយចាប់ផ្តើមពីថ្ងៃទីទី២៤ ខែកុម្ភៈ ឆ្នាំ២០២១តទៅ។
ការចាក់វ៉ាក់សាំងនេះដឹកនាំដោយលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុ រាត្រី អភិបាលខេត្ត ដោយដឹកនាំដោយផ្ទាល់មន្រ្តីរាជការក្រោមឱវាទ ក្រសួងសុខាភិបាលបានបញ្ជូនវ៉ាក់សាំងទៅដល់។
សូមជម្រាបថា ទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់ខេត្តបន្ទាយមានជ័យ មាន៤ទីតាំងរួមាន៖
*ទី១៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី
*ទី២៖ មន្ទីរពេទ្យបង្អែកស្រុកថ្មពួក
*ទី៣៖ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត
*ទី៤៖ មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ។
គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិលបានចំនួន ៧៧៧០នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ២,៥៨៣នាក់ ហើយក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៉ីណូហ្វាម (Sinopharm) របស់ចិន ជូនកងកម្លាំងកើនដល់ចំនួនសរុប ៣៦,៧៣៥នាក់ ក្នុងនោះមាននារី ៣,១៨៣នាក់។
ក្រសួងសុខាភិបាល បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១៕