(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានប្រកាសគាំទ្រ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នេះនូវសំណើរបស់ក្រសួងបរិស្ថាន ដែលស្នើឱ្យមានការបែងចែកតួនាទីភារកិច្ច និងការទទួលខុសត្រូវឱ្យដាច់ពីគ្នារវាងស្ថាប័នទទួលបន្ទុកការអភិរក្ស និងស្ថាប័នទទួលបន្ទុកការងារ អភិវឌ្ឍដោយ ចាប់ផ្តើមដំបូងពីការកែទម្រង់ស្ថាប័នចំនួនពីរ គឺក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ដោយក្រសួងបរិស្ថាន ត្រូវផ្ទេររាល់គម្រោងវិនិយោគអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច ដំណាំកសិ-ឧស្សាហកម្ម ទៅឱ្យក្រសួងកសិកម្ម រក្ខាប្រម៉ាញ់ និងនេសាទជាអ្នកគ្រប់គ្រងបន្ត ហើយក្រសួងកសិកម្ម រក្ខាប្រម៉ាញ់ និងនេសាទត្រូវផ្ទេរតំបន់អភិរក្ស តំបន់ការពារ និងតំបន់បម្រុងទុកទាំងអស់ឱ្យទៅ ក្រសួងបរិស្ថានជាអ្នកគ្រប់គ្រងវិញ។
នេះគឺជាការបោះជំហានថ្មីមួយទៀត នៅក្នុងដំណើរការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជានៅអាណត្តិទី៥នេះ។ កំណែទម្រង់ដែលសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា «ប្រសិនបើយើងមិនធ្វើកំណែទម្រង់ទេ នោះ គឺ៩៩% រង់ចាំតែថ្ងៃស្លាប់ ប៉ុន្តែបើយើងធ្វើកំណែទម្រង់ យើងនឹងមានសង្ឃឹមរស់»។
កំណែទម្រងស្ថាប័នដ៏សំខាន់នេះ គឺដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងការគ្រប់គ្រង ការការពារ និងការអភរិក្សធនធានធម្មជាតិ និងជីវៈចម្រុះប្រកបដោយប្រសិទ្ធភាព ខណៈនាពេលកន្លងទៅការងារគ្រប់គ្រង ការការពារ និងការអភិរក្សធនធានធម្មជាតិនៅកម្ពុជា នៅតែជួបប្រទះបញ្ហាប្រឈម និងការលំបាកនៅឡើយ ដោយសារតែមន្ត្រីរាជការ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន អនុវត្តការងារមិនទាន់បានត្រឹមត្រូវទៅតាមតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ហើយមួយចំនួនទៀតមានការពាក់ព័ន្ធ ឬនៅពីក្រោយបទល្មើស ដែលជាហេតុនាំឱ្យមានបទល្មើសព្រៃឈើ និងធនធានធម្មជាតិនៅតែបន្តកើតមានឡើងឥតឈប់ឈរ។
អ្វីដែលសាធារណជនបានឃើញ ក្រសួងបរិស្ថានក្រោមការដឹកនាំរបស់លោក សាយ សំអាល់ បានព្យាយាមក្នុងការធ្វើកំណែទម្រង់ជាច្រើន រួមទាំងទំនើបកម្មស្ថាប័ន និងជាពិសេសការកែទម្រង់មុខងារ និងការទទួលខុសត្រូវមួយចំនួន ដែលមានការជាន់គ្នាជាមួយ ក្រសួងស្ថាប័នមួយចំនួនទៀត ជាពិសេសជាមួយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។
រហូតមកទល់ពេលនេះ មន្ត្រីនៃស្ថាប័ននីមួយៗហាក់ដូចជា មានការលំបាកនៅក្នុងការអនុវត្តការងាររបស់ខ្លួន ខណៈមានការជាន់សមត្ថកិច្ចគ្នា រវាងក្រសួងពាក់ព័ន្ធ ហើយច្បាប់មួយចំនួនដែលមានគោលដៅនៅក្នុងការ គ្រប់គ្រងធនធានធម្មជាតិតែមួយ ប៉ុន្តែត្រូវបានតាក់តែងពីស្ថាប័នផ្សេងៗគ្នា និងធ្វើការអនុវត្តការងារផ្សេងៗគ្នា។ ក្រសួងស្ថាប័នមួយចំនួនដើរតួនាទីជាអ្នកអភិរក្សផង និងជាអ្នកអភិវឌ្ឍន៍ផង។ គ្រាន់តែពិនិត្យមើលភារកិច្ច និងការទទួលខុសត្រូវគេនឹងឃើញថា ក្រសួងបរិស្ថានមានតួនាទីជាអ្នកអភិរក្សផង និងជាអ្នកអភិវឌ្ឍន៍ផង ដោយក្រសួងនេះក៏គ្រប់គ្រង គម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ចមួយចំនួននៅក្នុងតំបន់ការពារធម្មជាតិ។
ទន្ទឹមនឹងនោះ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក៏មានតួនាទីជាអ្នកធ្វើអាជីវកម្ម ផលិតកម្ម និងអភិវឌ្ឍន៍ តាមរយៈការគ្រប់គ្រងគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច និងការធ្វើអាជីវកម្មនេសាទ ហើយក៏ជាអ្នកអភិរក្សផងដែរ តាមរយៈការងារអភិរក្សធនធានព្រៃឈើ និងជលផល។ តើគួរតែទទួលយកបញ្ហាស្មុគស្មាញទាំងនេះទៀត ឬក៏យើងត្រូវធ្វើកំណែទម្រង់ឱ្យស៊ីជម្រៅ ដោះស្រាយបញ្ហាទាំងនេះ ដើម្បីកុំឱ្យមានការលំបាកដល់មនុស្សជំនាន់ក្រោយទៀត និងដើម្បីគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព?
ដើម្បីចូលរួមក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅដែលដាក់ចេញ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងការគ្រប់គ្រង ការការពារ និងការអភិរក្សធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាព វាជាការសម្រេចចិត្តដ៏ត្រឹមត្រូវដែលក្រសួងបរិស្ថានគួរមានតួនាទី និងការទទួលខុសត្រូវតែទៅលើការងារគ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិទាំងអស់ ដោយមិនគួរមានតួនាទី និងការទទួលខុសត្រូវលើការងារអភិវឌ្ឍន៍ ឬវិនិយោគដើម្បីចៀសវាងធ្វើជាអ្នកទាត់បាល់ផង និងធ្វើជាអាជ្ញាកណ្តាលផង។ ក្រសួងកសិកម្ម រក្ខាប្រម៉ាញ់ និងនេសាទ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត គួរមានតួនាទី និងការទទួលខុសត្រូវតែលើអាជីវកម្ម ផលិតកម្ម វិនិយោគនិងការអភិវឌ្ឍដោយមិនគួរមានតួនាទី និងការទទួលខុសត្រូវលើការងារអភិរក្សទេ។
កាលដែលរាជរដ្ឋាភិបាលកម្ពុជាក្រោម ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន សម្រេចធ្វើកំណែទម្រង់ និងបែងចែកតួនាទីភារកិច្ច និងការទទួលខុសត្រូវ របស់ក្រសួងស្ថាប័នពាក់ព័ន្ធឱ្យបានដាច់ស្រឡះពីគ្នា នឹងជួយធ្វើឱ្យមានតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ។ ក្រសួង ស្ថាប័ន ដែលទទួលខុសត្រូវលើការគ្រប់គ្រង ការការពារ និងការអភិរក្សត្រូវមានភារកិច្ចពិនិត្យតាមដាន និងវាយតម្លៃសកម្មភាពអភិវឌ្ឍន៍នានា ដើម្បីធានាថា ការអភិវឌ្ឍទាំងនោះមិនមានផលប៉ះពាល់ជាអវិជ្ជមានធ្ងន់ធ្ងរដល់ធនធានធម្មជាតិបរិស្ថាន សង្គមនិងវប្បធម៌។ ការធ្វើកំណែទម្រង់លើភារកិច្ច និងការទទួលខុសត្រូវនេះ នឹងធ្វើឱ្យសាមីក្រសួង ដែលមានតួនាទីក្នុងការគ្រប់គ្រងអភិរក្ស លើធនធានធម្មជាតិទាំងនេះកាន់តែមានប្រសិទ្ធភាពចំទិសដៅ និងមិនមានការជាន់ដែនសមត្ថកិច្ចគ្នា។
កំណែទម្រង់ដ៏សំខាន់នេះ នឹងនាំឱ្យមន្ត្រីជំនាញមួយចំនួន ដែលកំពុងតែបម្រើការងាររបស់ខ្លួននឹង អាចមានការផ្លាស់ប្តូរការគ្រប់គ្រងពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ មកក្រសួងបរិស្ថាន ឬ មានការផ្លាស់ប្តូរពីការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ទៅក្រសួងកសិកម្មវិញ ប៉ុន្តែកំណែទម្រង់នេះ ត្រូវបានអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា ជឿជាក់ថា នឹងមិនធ្វើឱ្យប៉ះពាល់ដល់តួនាទី ឋានន្តរសក្តិរបស់មន្ត្រីទាំងនោះឡើយ ពោលគឺមន្ត្រីរាជការទាំងនោះនៅតែរក្សាតំណែងតួនាទីរបស់ខ្លួនដដែល។ លើសពីនេះទៀត គេជឿថា ដោយសារតែតម្រូវការផ្នែកធនធានមនុស្សបម្រើការងារ មន្ត្រីរាជការដែលមានសមត្ថភាពគ្រប់គ្រាន់ និងមានគុណភាពការងារ អាចនឹងត្រូវលើកទឹកចិត្តឱ្យបំពេញតួនាទីសំខាន់ៗមួយចំនួន តាមតម្រូវការចាំបាច់របស់ស្ថាប័ននោះថែមទៀតផង។ ដូច្នេះមន្ត្រីរាជការមួយចំនួន ដែលកំពុងបម្រើការងារ ហើយត្រូវប៉ះពាល់នៅក្នុងកំណែទម្រង់នេះ គួរតែកុំព្រួយបារម្ភឱ្យសោះ ហើយកម្ពុជានិងប្រជាជនកម្ពុជាអស់គ្នាគឺជាអ្នកឈ្នះទាំងអស់គ្នានៅលើកិច្ចការងារកំណែទម្រង់នេះ។
ការសម្រេចធ្វើកំណែទម្រង់ស្ថាប័ន ការកែសម្រួល និងផ្ទេរមុខងារស្ថាប័ន និងធ្វើវិសោធនកម្មច្បាប់ ពាក់ព័ន្ធដើម្បីសម្រួលដល់ការងារគ្រប់គ្រងរបស់ក្រសួងស្ថាប័នមួយចំនួន និងដោះស្រាយបញ្ហាស្ទួនដែន សមត្ថកិច្ចគ្នានេះ ត្រូវបានមតិជាតិ និងអន្តរជាតិបានគាំទ្រយ៉ាងពេញទំហឹង ដោយបានលើកឡើងថា ដើម្បីធានាដល់ការគ្រប់គ្រងឱ្យបានច្បាស់លាស់ និងដាច់ដោយឡែកពីគ្នា។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានថា ជារដ្ឋមន្ត្រីតែម្នាក់គត់នៅក្នុងរយៈពេលកាន់អំណាចជាង ៣០ ឆ្នាំរបស់សម្តេចដែលបានស្នើសុំផ្ទេរការងាររបស់ខ្លួនទៅក្រសួងផ្សេង ដែលនេះគឺជាកំណែទម្រង់ដ៏សំខាន់។
ការកែទម្រង់ដ៏សំខាន់នេះ គឺជាការបោះជំហានថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា នៅអាណត្តិទី៥ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ។
កំណែទម្រង់នេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៃសង្គមជាតិ និងដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រជាជាតិខ្មែរទាំងមូល ជាពិសេសលើការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ដែលមានសារៈសំខាន់ជាសារវ័ន្តដោយសារតែវាបាន ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់វិស័យបរិស្ថាន សេដ្ឋកិច្ច សង្គម និងវប្បធម៌ ជាពិសេសផ្តល់ផលប្រយោជន៍ដល់សហគមន៍មូលដ្ឋាន ដែលពឹងអាស្រ័យលើធនធានធម្មជាតិ។ ការសម្រេចធ្វើកំណែទម្រង់ដោយធ្វើការរៀបចំបែងចែកតួនាទី និងភារកិច្ចរវាងស្ថាប័នអភិរក្ស និងស្ថាប័នអភិវឌ្ឍន៍ឱ្យដាច់ស្រឡះពីគ្នា គឺជានិន្នាការរួមសម្រាប់ប្រទេស នៅក្នុងតំបន់អាស៊ាន ដើម្បីធានាដល់តុល្យភាពនៃការត្រួតពិនិត្យទៅវិញទៅមករវាងការងារអភិរក្ស និងការងារអភិវឌ្ឍន៍ដូចអ្វី ដែលប្រទេសមួយចំនួន ជាសមាជិកនៃសហគមន៍អាស៊ានបានធ្វើកំណែទម្រង់ស្ថាប័នគ្រប់
គ្រងនិងអភិរក្សធនធានធម្មជាតិ។ ដូច្នេះកំណែទម្រង់ដែលផ្តល់ផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជាចាំបាច់ត្រូវតែធ្វើ!៕