(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹងមួយបញ្ជាក់ថា មិនមានករណីឆ្លងកូវីដ១៩ ក្នុងខេត្តនេះទេ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
ការណ៍ដែលរដ្ឋបាលខេត្តកំពង់ស្ពឺ ចេញសេចក្តីជូនដំណឹងខាងលើ ដោយសារតែករណីមានរបាយការណ៍សង្ខេបរបស់លោកនាយកអនុវិទ្យាល័យឆាយឆ្មប ហើយដោយមានការផ្សព្វផ្សាយព័ត៌មាននៅតាមបណ្តាញសង្គមថា មានករណីឆ្លងជំងឺកូវីដ-១៩ ដល់សិស្សនៃអនុវិទ្យាល័យឆាយឆ្មប។
បើតាមរដ្ឋបាលខេត្តកំពង់ស្ពឺ, ករណីនេះ ដោយសារឪពុក ម្តាយរបស់សិស្សម្នាក់ នៃអនុវិទ្យាល័យឆាយធុបបានប៉ះពាល់ដោយប្រយោលនៅក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ គឺមិនមែនប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកឆ្លងជំងឺកូវីដ-១៩ នោះឡើយ ហេតុនេះ ពួកគាត់ស្ថិតក្នុងចំណោមអ្នកប្រឈមឆ្លងជំងឺទាបបំផុត។
បច្ចុប្បន្ន ពួកគាត់បាននិងកំពុងធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ព្រមទាំងមានការយកចិត្តទុកដាក់ពីក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺផងដែរ៕