(ភ្នំពេញ)៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង នឹងចាប់ផ្តើមអនុវត្តន៌កម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី១ ជូនចំពោះមន្ត្រីនគរបាលជាតិ ក្នុងខេត្តបាត់ដំបង មន្ត្រីរាជការសុខាភិបាលទូទាំងខេត្ត និងនិស្សិតសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១តទៅ នៅវេលាម៉ោងម៉ោង៨៖០០-១២៖០០នាទី សម្រាប់ពេលព្រឹក និងពេលរសៀលពីម៉ោង១៤៖០០-១៧៖០០នាទី។
ទីតាំងសម្រាប់ចាក់វ៉ាក់សាំងមានចំនួន៦កន្លែង៖ មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង, មន្ទីរពេទ្យបង្អែក មោងប្ញស្សី, មន្ទីរពេទ្យបង្អែក សំពៅលូន, មន្ទីរពេទ្យបង្អែក ថ្មគោល, មន្ទីរពេទ្យបង្អែក បរវេល, មន្ទីរពេទ្យបង្អែក ឯកភ្នំ។
* គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិលបានចំនួន ៧៧៧០នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ២,៥៨៣នាក់។
* គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៉ីណូហ្វាម (Sinopharm) របស់ចិន ជូនកងកម្លាំងកើនដល់ចំនួនសរុប ៣៦,៧៣៥នាក់ ក្នុងនោះមាននារី ៣,១៨៣នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងការពារជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៣ ខែកុម្ភៈនេះ៕