(ភ្នំពេញ)៖ ការទទួលពាក្យប្រលងចូលរៀននៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន នឹងបិទបញ្ចប់នៅថ្ងៃទី២៨ ខែកុម្ភៈ ចុងសប្តាហ៍នេះហើយ។ បេក្ខជនមានបំណងសិក្សា និងឈ្នះអាហារូបករណ៍សិក្សាមិនអស់ថ្លៃ១០០ភាគរយ សូមរួសរាន់ដាក់ពាក្យប្រលង។
ដើម្បីបង្កភាពងាយស្រួលដល់បេក្ខជន និងចូលរួបទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ផងនោះ វិទ្យាស្ថានបានរៀបចំឱ្យមានការដាក់ពាក្យប្រលងតាមរយៈ Telegram លេខ ០៩៦ ៥៣០ ៥០៨៩ ឬចុចតាមតំណភ្ជាប់ https://t.me/tsipwt។
បេក្ខជនអាចទាញយកពាក្យប្រលងតាមតំណភ្ជាប់ https://qrgo.page.link/4Wfzb។
សូមបញ្ជាក់ថា វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ត្រូវការជ្រើសរើសនិស្សិត ចូលរៀនជំនាន់ទី១ ចំនួន ២០០នាក់។ ក្នុងនោះនិស្សិតឆ្នើម ៥០នាក់ នឹងទទួលបានអាហារូបករណ៍ ១០០ភាគរយ សម្រាប់ការសិក្សារយៈពេល ៤ឆ្នាំ។
បន្ថែមពីលើនេះនិស្សិតជានារី នឹងទទួលបានការលើកទឹកចិត្ត ដោយផ្តល់អាហារូបករណ៍ ៥០ភាគរយផងដែរ សម្រាប់ការសិក្សារយៈពេល ៤ឆ្នាំ។
ការប្រលងចូលរៀននឹងធ្វើតាមអនឡាញ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ មុខវិជ្ជាដែលត្រូវប្រលងរួមមាន៖ គណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា។ ដើម្បីប្រលងសិក្សានៅវិទ្យាស្ថាននេះ បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល។
វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ដែលបង្កើតឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការបង្កើតនូវធនធានមនុស្សលើជំនាញសាងសង់ផ្លូវ ស្ពាន និងកំពង់ផែជាដើម។
ការបង្កើតធនធានមនុស្សជានយោបាយអាទិភាពមុនគេសម្រាប់រាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ បានបង្ហាញក្តីរីករាយចំពោះកិច្ចប្រឹងប្រែងបង្កើតឱ្យមានវិទ្យាស្ថាននេះឡើង។ សម្តេចតេជោ រំពឹងថា វិទ្យាស្ថាននេះ នឹងបង្កើតបាននូវធនធានមនុស្សថ្មីលើជំនាញសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ក៏ដូចជាកំពង់ផែជាដើម។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ក្តីរំពឹងរបស់លោកក្រោយបង្កើតឱ្យមានវិទ្យាស្ថាននេះ គឺរយៈពេល៤ ទៅ៥ឆ្នាំក្រោយ កម្ពុជានឹងមានវិស្វករជាកូនខ្មែរកាន់តែច្រើនសម្រាប់សាងសង់ផ្លូវថ្នល់ និងស្ពានដោយខ្លួនឯង។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ធ្វើការបណ្តុះបណ្តាលនិស្សិត ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពនៃការអប់រំ។ បន្ថែមពីលើនោះ វិទ្យាស្ថានបានប្រមូលសាស្ត្រាចារ្យជំនាញមកបណ្តុះបណ្តាល និងបំពាក់ប្រព័ន្ធបច្ចេកទំនើបៗក្នុងការផ្តល់ចំណេះដឹងដល់និស្សិត។ វិទ្យាស្ថាន បានបង្កើតឱ្យឧបករណ៍ សម្ភារ និងមន្ទីរពិសោធន៍លើវិស័យស្ពាន និងថ្នល់ សម្រាប់ផ្តល់នូវការយល់ដឹងដល់និស្សិតឱ្យកាន់តែប្រសើរផងដែរ។
វិទ្យាស្ថាននេះ នឹងបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រ+១ (វិស្វករ) សិក្សារយៈពេល ៥ឆ្នាំ, បរិញ្ញាបត្រដឹកជញ្ជូនផ្លូវគោក សិក្សារយៈពេល ៤ឆ្នាំ, បរិញ្ញាបត្រភស្តុភារកម្ម សិក្សា ៤ឆ្នាំ និងបរិញ្ញាបត្រនាវាចរ សិក្សា ៤ឆ្នាំ។
កម្រិតបរិញ្ញាបត្រ+១ សិក្សាលើជំនាញវិស្វករសំណង់សាធារណការ មានឯកទេសសំណង់ផ្លូវគោក, ផ្លូវល្បឿនលឿន, ស្ពាន, ផ្លូវដែក, កំពង់ផែ និងប្រព័ន្ធចម្រោះទឹកកខ្វក់។
កម្រិតបរិញ្ញាបត្រដឹកជញ្ជូនផ្លូវគោក សិក្សាលើឯកទេសសេដ្ឋកិច្ច និងការគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក។
កម្រិតបរិញ្ញាបត្រភស្តុភារកម្ម សិក្សាលើឯកទេសគ្រប់គ្រងភស្តុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់។
កម្រិតបរិញ្ញាបត្រនាវាចរ សិក្សាលើឯកទេសបរិបាលនាវា និងម៉ាស៊ីននាវា។
សម្រាប់និស្សិតសិក្សានៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ក្រោយពេលបញ្ចប់ការសិក្សានឹងមានអាទិភាពក្នុងការប្រលងចូលក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន។ កំលុងពេលសិក្សា និស្សិតអាចចុះអនុវត្តជាក់ស្តែងតាមការដ្ឋាននានា ដែលកំពុងសាងសង់ផ្លូវថ្នល់ទូទាំងប្រទេស ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រុមហ៊ុននានា។
បន្ថែមពីលើនោះ និស្សិតអាចចុះហ្វឹកហាត់ការងារនៅតាមបណ្តាក្រុមហ៊ុន ឬអង្គភាពក្រោមឱវាទក្រសួង ដែលកំពុងសាងសង់ផ្លូវថ្នាល់ និងគម្រោងនានា លើវិស័យសាធារណការ និងដឹកជញ្ជូន។ និស្សិតក៏មានឱកាសទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាក្រៅប្រទេសផងដែរ។
បេក្ខជនមានចំណាប់អារម្មណ៍សិក្សានៅវិទ្យាស្ថាននេះ សូមទាក់ទងទូរស័ព្ទ ០៩៦ ៩៣៣ ៤២៥៣ ឬ ០៩៥ ៤០៤ ៥៩០។ បេក្ខជនក៏អាចទាក់ទងសាកសួរព័ត៌មាននៅវិទ្យាស្ថានផ្ទាល់ ស្ថិតក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន តាមផ្លូវលេខ៥៩៨ (ផ្លូវ ជា សុផារ៉ា) សង្កាត់ច្រាំងចម្រេះ២ ខណ្ឌឫស្សីកែវ៕