(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ធំ បានផ្ដួចផ្ដើមការប្រឡងប្រណាំងស្តង់ដាវិថីលក់ម្ហូបអាហារសម្រាប់ខេត្តកំពង់ធំ ដែលមានទីតាំងស្ថិតនៅវិថីដំរីជាន់ខ្លា និងផ្លូវលេខ៧ ភូមិទី២ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ដោយបានកៀរគរក្រុមនិស្សិតមកពីសាកលវិទ្យាល័យចំនួន ២ មានសាកលវិទ្យាល័យលីមកុកវីង ១ ក្រុម និងសាកលវិទ្យាល័យន័រតុន ២ ក្រុម។
លោក ណេប សាមុត អគ្គលេខាធិការគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជាអគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងលោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការប្រឡងប្រណាំងប្លង់ស្ថាបត្យកម្មវិថីលក់ម្ហូបអាហារនៅខេត្តកំពង់ធំ នៅទីស្តីការក្រសួងទេសចរណ៍។
លោក ណេប សាមុត បានឱ្យដឹងថា វិថីលក់ម្ហូបអាហារនេះ រៀបចំឡើងដោយមានការគិតគូរលើផ្នែកលក្ខខណ្ឌទីតាំងសេវាកម្ម ស្របតាមស្តង់ដាវិថីលក់ម្ហូបអាហាររបស់ក្រសួងទេសចរណ៍។
លោកអគ្គលេខាបានបញ្ជាក់ថា ការប្រឡងប្រណាំងវិថីលក់ម្ហូបអាហារនេះ អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី ៨ ឆ្នាំ២០២០ថា ស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិបន្តខិតខំរួមចំណែកលើកកម្ពស់ប្រពៃណី វប្បធម៌ និងបេតិកភណ្ឌម្ហូបអាហារខ្លួន សំដៅចូលរួមជំរុញឱ្យមានភាពសម្បូរបែបនៃម្ហូបអាហារ។ ក្រុង-ខណ្ឌមួយត្រូវមានវិថីលក់ម្ហូបអាហារមួយយ៉ាងតិច ស្រុកមួយត្រូវមានវិថីលក់ម្ហូបអាហារមួយយ៉ាងតិច។
លើសពីនេះទៀត ដើម្បីស្របតាមស្តង់ដាទីក្រុងស្អាត ហើយនឹងរំពឹងថាវិថីលក់ម្ហូបអាហារនេះ នឹងក្លាយជាផលិតផលទេសចរណ៍មួយថ្មីទៀតសម្រាប់ខេត្តកំពង់ធំ ក្នុងការជំរុញទេសចរណ៍ក្នុងស្រុកតាមតថភាពបច្ចុប្បន្ន។
គួររំលឹកថា វិថីលក់ម្ហូបអាហារនេះ ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានសហការរៀបចំដោយទទួលបានជោគជ័យ ២ លើករួចមកហើយ ក្នុងនោះលើកទី១. ប្លង់ស្ថាបត្យកម្មវិថីលក់ម្ហូបអាហារនៅខេត្តកំពត និងលើកទី២. ប្លង់ស្ថាបត្យកម្មវិថីលក់ម្ហូបអាហារខេត្តបាត់ដំបង ចំពោះគោលដៅបន្តក្នុងការរៀបចំវិថីលក់ម្ហូបអាហារគឺខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ៕