(ភ្នំពេញ)៖ គណបក្សអំណាចខ្មែរ របស់លោក សួន សេរីរដ្ឋា បានប្រកាសថា នឹងរៀបចំសមាជគណបក្សលើកដំបូងរបស់ខ្លួន នៅរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែមីនា ខាងមុខនេះ។
សេចក្តីប្រកាសរបស់គណបក្សអំណាចខ្មែរ បានឱ្យដឹងថា សមាជគណបក្ស ជាលើកដំបូងនេះ ដែលនឹងមានសមាជិកចូលរួមទាំងក្នុង និងក្រៅប្រទេសសរុបជាង៥,០០០នាក់។
គួររំលឹកថា កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ ក្រសួងមហាផ្ទៃ បានចេញលិខិតជាផ្លូវការមួយ ដោយបានសម្រេចទទួលស្គាល់ «គណបក្សអំណាចខ្មែរ» ទៅក្នុងបញ្ជីគណបក្សនយោបាយ នៅក្នុងក្រសួងមហាផ្ទៃជាផ្លូវការ។
លោក សួន សេរីរដ្ឋា ដែលត្រូវបានគេដឹងថា ជាស្ថាបនិកគណបក្សអំណាចខ្មែរ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ លើកលែងទោស កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ ក្នុងគោលបំណងដើម្បីមកបន្ត ដឹកនាំគណបក្សរបស់លោកឡើងវិញ៕