(ភ្នំពេញ)៖ អាល្លឺម៉ង់នឹងផ្ដល់ជំនួយជាថវិកា ចំនួន១៦លានដុល្លារ ដល់កម្ពុជា ដើម្បីជួយលើកស្ទួយវិស័យសុខាភិបាល ក្នុងបរិបទជំងឺកូវីដ១៩ តាមរយៈគម្រោងជាច្រើន ជាពិសេសប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩, ការកំណត់អត្ដសញ្ញាណប្រជាជនក្រីក្រ, ធានារ៉ាប់រង់សុខភាព និងវិស័យផ្សេងៗទៀត។
នេះបើតាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងឱកាសជំនួបពិភាក្សាការងាររវាងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង និងលោក Benjamin Knodler អនុប្រធានបេសកកម្មនៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ នាទីស្ដីការក្រសួងសុខាភិបាល។
លោកស្រី យក់ សម្បត្ដិ បានថ្លែងបន្ដថា «កន្លងមកនេះ អាម្លឺម៉ង់ បានជួយឧបត្ថម្ភគាំទ្រ ដល់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍនូវគម្រោងឌីជីថែលនៅកម្ពុជា លើការអភិវឌ្ឍការងារផ្នែកសុខភាព ដោយសារគម្រោងសុខាភិបាលនេះ មានផ្នែកពាក់ព័ន្ធជាច្រើន ក្នុងការគ្រប់គ្រងប្រព័ន្ធព័ត៌មាន ស្ថិតិសុខភាព ជាពិសេសស្ដ្រីក្រីក្រ ក៏ដូចជាប្រជាពលរដ្ឋក្រីក្រ ដែលពុំមានលទ្ធភាពបង់ប្រាក់ ដែលក្រសួងសុខាភិបាលបានធ្វើមួយជំហានរួចទើហើយ»។
លោកស្រីរដ្ឋលេខាធិការសុខាភិបាលរូបនេះ បានបញ្ជាក់ថា «នៅពេលដ៏ឆាប់ខាងមុខនេះ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងរៀបចំការងារមួយក្រុម ដើម្បីចុះមកធ្វើការសិក្សាវាយតម្លៃឡើងវិញ ដើម្បីស្វែងយល់ពីតម្រូវការរបស់ក្រសួងសុខាភិបាល ក្នុងបរិបទកូវីដ១៩នេះ និងសង្កត់ធ្ងន់ទៅលើការជួយដល់វិស័យសុខាភិបាល ដោយផ្ដល់ជំនួយជាថវិកាចំនួន ១៦លានដុល្លារ រួមទាំងទឹកប្រាក់ ១លាន៨សែនដុល្លារទៀតគម្រោងជាមួយធនាគារពិភពលោក ដែលជួយពង្រីកសេវាពិសោធន៍ ដើម្បីពិនិត្យធ្វើតេស្ដ រកជំងឺកូវីដ១៩»។
លើសពីនោះ ភាគីអាល្លឺម៉ង់ បានប្ដេជ្ញាបន្ដជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍគម្រោងឌីជីថល នឹងចូលរួមគាំទ្រក្នុងការបញ្ជូនអ្នកជំនាញ ជួយផ្នែកមន្ទីរពិសោធន៍បន្ថែមទៀត បន្ទាប់ពីមន្ទីរពិសោធន៍ដែលមានបច្ចុប្បន្ននេះ មានចំនួន២ធំៗ គឺមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងមន្ទីរពិសោធន៍វិទ្យាស្ថានសុខភាពសាធារណៈ រួមទាំងមន្ទីរពិសោធន៍ខ្នាតតូច ដែលមាននៅ ខេត្ដបាត់ដំបង សៀមរាប នៅព្រំដែនថៃ និងព្រះសីហនុ ដែលបានរៀបចំហេដ្ឋារចនាសម្ព័ន្ធរួចរាល់ហើយ ដោយរង់ចាំគ្រូបណ្ដុះបណ្ដាលពីប្រទេសចិន មកបណ្ដុះបណ្ដាលបន្ថែមទៀត។
ជាការឆ្លើយតប រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់គណៈប្រតិតភូ ជាពិសេសរដ្ឋាភិបាលអាល្លឺម៉ង់ ដែលជានិច្ចកាល តែងតែជួយគាំទ្រដល់វិស័យសុខាភិបាល ហើយជួយចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយសារការគាំទ្រ ទាំងបច្ចេកទេស និងថវិកា ជួយដល់មន្ទីរពិសោធន៍ ក៏ដូចជាអ្នកជំនាញការអភិវឌ្ឍនូវផ្នែកមន្ទីរពិសោធន៍នេះ ។ រដ្ឋមន្ដ្រីសុខាភិបាល ក៏បានប្ដេជ្ញាសហប្រតិបត្ដិការកាន់តែប្រសើរទៀត ជាពិសេសក្នុងបរិបទនៃជំងឺកូវីដ១៩នេះ៕