(កំពង់ស្ពឺ)៖ សមាគមទេសចរណ៍កម្ពុជា (CATA) បានដឹកនាំការីទេសចរណ៍ដែលជាសមាជិករបស់ខ្លួនធ្វើទស្សនកិច្ចទេសចរណ៍នៅរមណីយដ្ឋានវីគិរីរម្យផាញរីស៊ត (VKirirom Pine Resort) ដើម្បីផ្សព្វផ្សាយពីសក្ដានុពល និងផលិតផលទេសចរណ៍ធម្មជាតិដ៏សម្បូរបែបនៅក្នុងរមណីយដ្ឋាននេះ និងលើកទឹកចិត្តឱ្យមានការរៀបចំកញ្ចប់ទស្សនកិច្ចក្នុងស្រុក សំដៅជំរុញឱ្យមានចលនាទេសចរណ៍ក្នុងស្រុកកាន់ផុសផុលផងដែរ។
ដំណើរទស្សនកិច្ចនេះមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានអ្នកចូលរួមប្រមាណជាង ៣០នាក់ ដឹកនាំដោយលោកស្រី ឆាយ ស៉ីវលីន ប្រធានសមាគមនទេសចរណ៍កម្ពុជា ក្រោមការទទួលបដិសណ្ឋារកិច្ចយ៉ាងយកចិត្តទុកដាក់ពីសំណាក់អ្នកគ្រប់គ្រង និងបុគ្គលិករបស់រមណីយដ្ឋានវីគិរីរម្យផាញរីស៊ត។
វិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ និងវិធានអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនចាប់ពីពេលចេញដំណើរតទៅ ក្នុងនោះមានការកត់ឈ្មោះ លេខទូរស័ព្ទ និងប្រភពរបស់អ្នកចូលរួម ការវាស់កម្ដៅ ការពាក់ម៉ាស លាងសម្អាតដៃជាមួយទឹកអាល់កុល ជែលជាដើម ដើម្បីចូលរួមក្នុងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវី១៩ ក៏ដូចជាការទុកដាក់សំរាម និងសម្ភារៈនានាបានយ៉ាងត្រឹមត្រូវ។
នៅក្នុងដំណើរទស្សនកិច្ចថ្ងៃដំបូង លោក ហ៉ីគិ អូកាម៉ូតុ នាយកជាន់ខ្ពស់នៃរមណីយដ្ឋានវីគិរីមរ្យផាញរីស៊ត បានធ្វើបទបង្ហាញអំពីការបង្កើត ការរៀបចំ ការអភិវឌ្ឍ ព្រមទាំងផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍នានា ដែលមាននៅក្នុងរមណីយដ្ឋានវីគិរីរម្យផាញរីស៊តនេះ ជម្រាបជូនដល់ប្រតិភូសមាគម CATA។ បន្ទាប់មក ក្រុមប្រតិភូក៏បានចូលរួមលេងល្បែងកម្សាន្តមួយចំនួន ក្រោមការរៀបចំសម្របសម្រួលពីសំណាក់បុគ្គលិករបស់រមណីយដ្ឋាន។ ជាមួយនឹងសំឡេងក្អាកក្អាយខ្ញៀវខ្ញាក្រោមម្លប់ដើមស្រល់លូតខ្ពស់ត្រដឹង ហ្គេមពិសេសៗទាំងនោះបានញ៉ាំងឱ្យក្រុមអ្នកទេសចរមានភាពសប្បាយរីករាយយ៉ាងខ្លាំង។
សកម្មភាពដែលពិសេសបំផុតក្នុងថ្ងៃទីមួយនេះ គឺការបោះតង់សម្រាកកម្សាន្តលើវាលស្មៅពណ៌បៃតង ក្រាលក្រាបក្រោមដើមស្រល់តាមជម្រាលភ្នំទេរទាបដ៏ស្រស់ត្រកាលក្រៃលែង។ សកម្មភាពបោះតង់ដែលកំពុងបរិយាយនេះ គឺត្រូវបានរៀបចំឡើងយ៉ាងពេញចិត្តពីសំណាក់រមណីយដ្ឋានវីគិរីរម្យផាញរីស៊ត ខណៈផ្ទៃខាងក្នុងធំទូលាយ មានទាំងខ្នាតគេងម្នាក់ឯង គេងពីរនាក់ និងខ្នាតគេងជាមួយគ្រួសារ រីឯពូកគេងទន់ស្រួលខ្លួន ឈុតជាមួយខ្នើយ-ភួយសមរម្យ។
សន្ធិប្រកាសក៏បានឈានមកដល់ រស្មីសុវណ្ណជះសន្សឹមៗតាមចន្លោះដើមស្រល់ អាកាសធាតុចាប់ផ្ដើមចុះត្រជាក់បន្តិចម្ដងៗ ខ្យល់បរិសុទ្ធពីធម្មជាតិប្រហើរពេញឃានិន្ទ្រិយរបស់ក្រុមអ្នកទេសចរយើង។ ភ្នក់ភ្លើងឆេះឡើងសន្ធៅកណ្ដាលវង់មនុស្ស សំឡេងតន្ត្រីក៏បានបន្លឺឡើងកំដរឱកាសភោជនាហារឱ្យរឹតតែវិសេសវិសាល នឹកឡើងសែនរមណីយ។
វេលារៀបចូលនិទ្រាក៏បានឈានមកដល់ ដ្បិតក្រុមអ្នកទេសចរយើងហត់នឿយពីថ្ងៃបន្តិច តែក៏ទទួលបាននូវអារម្មណ៍សប្បាយរីករាយសងត្រលប់មកវិញផងដែរ។ សម្រាកក្នុងតង់ក្រោមពន្លឺព្រះខែយប់១០កើត ទឹកសន្សើមធ្លាក់ចាកមេឃទទឹកជោកស្មៅ អាកាសធាតុនាវេលាយប់ជ្រៅនេះរឹតតែរងាព្រឺរោម តែក៏នៅតែគេងកើយលង់លក់ត្រជាក់ស្រួល។
អរុណោទ័យរះរុញថ្ងៃទី២១ ចេញពីខែកុម្ភៈ ចាំងចែងចាំស្ទាក់ថ្ងៃទី២២ ផ្សែងអ័ព្ទសក្បុសអណ្ដែតរសាត់ប្រជែងរស្មីពណ៌មាស បន្លែសរីរាង្គដែលដាំដុះសម្រាប់ភ្ញៀវទេសចររីកស្រស់ញញឹមក្នុងសួនបៃតង ញ៉ាំងក្រុមអ្នកទេសចរយើងឱ្យពើបប្រទះនឹងភាពស្រស់ស្រាយថ្មីនាវេលាព្រឹកព្រហៀម។
អាហារពេលព្រឹករៀបចំឡើងនៅតាមតុរួចជាស្រេច ក្រុមបុគ្គលិកវីគិរីរម្យញញឹមរួសរាយរាក់ទាក់ត្រៀមចាំបម្រើជូន។ បាយម្ហូបខ្ចប់ស្លឹកឈូក កាហ្វេក្ដៅៗ និងមានបន្លែផ្លែឈើបន្ទាប់បន្សំផ្សេងទៀត ក្រុមប្រតិភូជាង ៣០ នាក់លកលៃទទួលទានតាមចំណូលចិត្តរៀងៗខ្លួន។
បន្ទាប់ពីអាហារពេលព្រឹករួចហើយ ក្រុមអ្នកទេសចរក៏បានបន្តដំណើរទស្សនកិច្ចទៅកាន់ទំនប់វារីអគ្គិសនីគិរីរម្យ១ ដែលមានទឹកខៀវស្រងាត់នៅប៉ប្រះជើងភ្នំ រលកទឹកចាំងប្រិចប្រដេញតាមពន្លឺព្រះអាទិត្យ ផ្ទៃបឹងធំល្មមមើលឃើញដល់ត្រើយជុំវិញ ទស្សនីយភាពនៅទីនេះពិតជាស្រស់ស្អាតពិសេសប្លែកពីកន្លែងដទៃ ប្រៀបដូចបឹងស៉ីហ៊ូ (Xihu lake) ដែលជាបឹងស្អាតជាងគេនាសម័យរាជវង្សសុង។ ផ្ដិតយករូបភាពដែលលម្អទៅដោយទេសភាពសែនគាប់នេត្រា ជាកិច្ចការមិនអាចរំលងបានរបស់ភ្ញៀវទេសចរយើង។
ចេញពីទំនប់វារីអគ្គិសនីគិរីរម្យ១នេះ មគ្គុទ្ទេសក៍ទេសចរណ៍នៃរមណីយដ្ឋានវីគិរីរម្យបាននាំក្រុមអ្នកទេសចរបន្តដំណើរទៅទស្សនាស្រះស្រង់ ដែលជាបឹងតូចមួយផ្សេងទៀតនៅសេសសល់តាំងពីសម័យសង្គមរាស្ត្រនិយម ខណៈនៅទីនោះ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានស្ថាបនាព្រះរាជដំណាក់មួយនៅក្បែរស្រះស្រង់នេះផងដែរ។ អង្គុយក្រោមម្លប់ឈើត្រឈឹងត្រឈៃ ពិសាអាហារថ្ងៃត្រង់នៅជិតមាត់ស្រះស្រង់ ពិតជាបានផ្ដល់ក្ដីរមណីយពេកក្រៃ។
បន្ទាប់ពីប្រមូលសំរាមទុកដាក់ក្នុងធុងសំរាមរួចហើយ លោកស្រី ឆាយ ស៉ីវលីន ក៏បានដឹកនាំក្រុមប្រតិភូឆ្ពោះមកកាន់សាលាដូង ដែលស្ថិតនៅក្នុងភូមិដ្ឋានប្រជាពលរដ្ឋដ៏ធំមួយនៅលើភ្នំគិរីរម្យ ខណៈនៅទីនោះក៏ជាផលិតផលទេសចរណ៍មួយដែលភ្ញៀវទេសចរគួរតែស្វែងយល់ផងដែរ។ ក្នុងភូមិដ្ឋាននេះ កុមារៗដែលជាកូនចៅរបស់ប្រជាពលរដ្ឋទទួលបានការសិក្សាសមរម្យ តាមរយៈជំនួយរបស់សប្បុរសជន និងការទៅទស្សនារបស់ភ្ញៀវទេសចរ ដោយភ្ញៀវទេសចរអាចទិញកាហ្វេ និងរបស់របរវត្ថុអនុស្សាវរីយ៍ផ្សេងៗពីប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់ទទួលបានកម្រៃខ្លះក្នុងការទ្រទ្រង់ជីវភាព ទំនុកបម្រុងដល់ការសិក្សារបស់កូនចៅ ព្រមទាំងលើកទឹកចិត្តឱ្យពួកគាត់ចូលរួមទប់ស្កាត់បទល្មើសព្រៃឈើផងដែរ។
មុនបញ្ចប់ទស្សនកិច្ចនាថ្ងៃចុងក្រោយ ក្រុមប្រតិភូក៏បានបន្តជិះរថយន្តក្រុងទស្សនាការរៀបចំរចនាសម្ពន្ធនានានៅក្នុងរមណីយដ្ឋានវីគិរីរម្យផាញរីស៊ត ដូចជា មណ្ឌលផ្ដល់ព័ត៌មាន អគារស្នាក់នៅសម្រាប់ភ្ញៀវទេសចរ សួនកម្សាន្ត ភោជនីយដ្ឋានជាដើម។
រថយន្តក្រុងចំណុះ ៤៥ កៅអី បានចេញចាកសន្សឹមៗពីរមណីយដ្ឋានវីគិរីរម្យទាំងក្ដីអាល័យ ព្រោះក្រុមទស្សនកិច្ចមិនបានដើរទស្សនាអស់អំពីសក្ដានុពល និងផលិតផលទេសចរណ៍ជាច្រើនទៀតដែលមាននៅក្នុងរមណីយដ្ឋានអេកូទេសចរណ៍មួយនេះ។
លោកស្រី ឆាយ ស៊ីវលីន បានលើកទឹកចិត្តដល់ការីទេសចរណ៍នានាដែលជាសមាជិករបស់សមាគម CATA គួរតែបង្កើតកញ្ចប់ទស្សនកិច្ចទេសចរណ៍ឱ្យបានញឹកញាប់ទៅកាន់រមណីយដ្ឋានវីគិរីរម្យផាញរីស៊តនេះ ដើម្បីបំផុសឱ្យមានចលននាទេសចរណ៍ក្នុងស្រុកកាន់តែច្រើន និងបន្តភាពរស់រានក្នុងអាជីវកម្មទេសចរណ៍របស់ខ្លួនក្នុងដំណាក់កាលមានវិបត្តិជំងឺកូវីដ១៩នេះ៕