(ភ្នំពេញ)៖ ដើម្បីរួមគ្នាការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ទៅក្នុងសហគមន៍ ដែលបណ្ដាលមកពីព្រឹត្តិការណ៍២០កុម្ភៈកន្លងមកនេះ នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំមន្ត្រីក្រោមឱវាទ កងកម្លាំង និងប្រជាការពារ នាំយកម៉ាស់ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចុះចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរទៅមកតាមបណ្តោយផ្លូវសុធារស់ នៅមុខសាកលវិទ្យាល័យបៀលប្រាយ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្នុងយុទ្ធនាការចែកម៉ាសនេះដែរ លោក ថេង សុថុល ក៏បានណែនាំដល់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរទៅមក សូមឲ្យមានការប្រុងប្រយ័ត្នចូលរួមការពារទប់ស្កាត់ ជំងឺកូវីដ១៩ទាំងអស់គ្នា តាមរយៈការអនុវត្តនូវវិធានការអនាម័យរបស់ក្រសួងសុខាភិបាល ជាពិសេសបើមិនមានការចាំបាច់ទេសូមកុំចេញពីផ្ទះ ប៉ុន្តែបើមានការងារ ចាំបាច់ត្រូវចេញពីផ្ទះ សូមពាក់ម៉ាស់ទាំងអស់គ្នា ដើម្បីទប់ស្កាត់ការរីករាលដាលទៅក្នុងសហគមន៍។
លោក ថេង សុថុល បន្តថា ឆ្លងតាមការអង្កេតផ្ទាល់នៅក្នុងពេលកំពុងចែកម៉ាសជូនប្រជាពលរដ្ឋដែលកំពុងតែធ្វើដំណើរនៅតាមដងផ្លូវក្នុងតំបន់នោះភាគច្រើន មានការ យល់ដឹង និងចូលរួមពាក់ម៉ាស់បានត្រឹមត្រូវ ក៏ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួនទៀត ហាក់ដូចជាមិនយកចិត្តទុកដាក់ និងចូលរួមការពារតាមការណែនាំរបស់ ក្រសួងសុខាភិបាល នៅឡើយពួកគាត់មិនបានពាក់ម៉ាស់ ព្រមទាំងមានការជិះបញ្ជ្រៀតគ្នានៅលើមធ្យោបាយធ្វើដំណើរ ដូចជាម៉ូត រ៉ឺម៉ក និងផាស់អាប់ ជាដើម សបញ្ជាក់ឲ្យឃើញថា នៅមានពលរដ្ឋមួយចំនួនតូច នៅតែបន្តមិនយកចិត្តទុកដាក់ចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ នៅឡើយ។
សូមបញ្ជាក់ថា ក្រោយទទួលបាននូវការណែនាំពីប្រមុខរាជរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តចែកម៉ាសជូនប្រជាពលរដ្ឋក្រីក្រ នៅតាមសហគមន៍ រួចមកនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចែកម៉ាស់រាប់ម៉ឺនម៉ាសទៅដល់ខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ កងកម្លាំង មន្ត្រីសុខាភិបាលរាជធានី ផ្សាររដ្ឋទាំង២៥ និងសហគមន៍ក្រីក្រទូទាំងរាជធានីភ្នំពេញ ដើម្បីចូលរួមការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងរាតត្បាត នៅក្នុងសហគមន៍ក្នុងរាជធានីភ្នំពេញ។
ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានក្តីព្រួយបារម្ភជាខ្លាំង ក្រោះផ្ទុះចេញនូវព្រឹត្តិការណ៍ ២០ កុម្ភៈ កន្លងមកនេះ និងបានចេញសារ ជាបន្តបន្ទាប់ អំពាវនាវដល់ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់គិតគូរជាពិសេស លើសុវត្ថិភាព សុខភាព និងអនុវត្តតាមវិធានអនាម័យរបស់ក្រសួងសុខាភិបាល៕