(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០១៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ របៀបបំពេញលិខិតប្រកាសពន្ធ លើប្រាក់ចំណេញ និងវិធានប្រើប្រាស់វិក្កយបត្រ សម្រាប់អ្នកជាប់ពន្ធ តាមរបបស្វ័យប្រកាស» ក្រោមអធិបតីភាព លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងមានការចូលរួមពីប្រធាន អនុប្រធាន នាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីមួយចំនួន នៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងមានការចួលរួមពី នាយក ឬតំណាងរោងចក្រ សហគ្រាសចំនួន៣០០ ដែសស្ថិតក្រោមការគ្រប់គ្រង របស់នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ។
ក្នុងពិធីនោះលោក គង់ វិបុល បានថ្លែងអំណរគុណចំពោះ តំណាងក្រុមហ៊ុននានា ដែលបានចូលរួមនៅក្នុងអង្គសិក្ខាសាលា ដ៏មានសារសំខាន់នេះ ដែលសបញ្ជាក់ឲ្យឃើញ ពីការយកចិត្តទុកដាក់ ខ្ពស់ក្នុងការគោរពប្រតិបត្តិច្បាប់ និងបទប្បញ្ញត្តិនានស្តីពីពន្ធដារ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ ឲ្យកាន់តែទូលំទូលាយថែមទៀត និងឲ្យបានជ្រូតជ្រាបដល់គ្រប់មជ្ឈដ្ឋាន អ្នកជាប់ពន្ធ ជាពិសេស គឺដើម្បីស្វែងយល់ឲ្យបានកាន់ តែស៊ីជម្រៅថែមទៀត សំដៅធ្វើយ៉ាងណាឲ្យអ្នកជាប់ពន្ធគោរព ឲ្យបានខ្ជាប់ខ្ជូននូវការអនុវត្តច្បាប់ស្តីពី សារពើពន្ធ និងជៀសវៀងបាននូវកំហុសឆ្គង ដោយប្រការណាមួយ ដែលអាចនាំទៅដល់ការទទួលរង នូវការផាកពិន័យ និងទោសទណ្ឌផ្សេងៗ ពីសំណាក់រដ្ឋបាលសារពើពន្ធ។
សិក្ខាសាលាដ៏មានសារសំខាន់នេះ នឹងរួមចំណែកខ្ពស់ ក្នុងការពង្រឹងការអនុវត្តកាតព្វកិច្ចសារពើពន្ធ ហើយតាមរយៈសិក្ខាសាលានេះ សិក្ខាកាមចូលរួមទាំងអស់នឹងទទួលបាននូវចំណេះដឹកថ្មីៗបន្ថែមទៀត ស្តីពីពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ នីតិវិធីនៃការបំពេញលិខិតប្រកាសបង់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ ជាពិសេសគឺគំរូនៃការប្រើប្រាស់វិក្កបត្រសម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។ ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមថា ធុរកិច្ចដែលបានចូលរួម និងសហកាជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងការអនុវត្តច្បាប់ឲ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និសង្គតិភាពខ្ពស់ថែមទៀត៕