(ក្រចេះ)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានផ្តល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំខេត្តក្រចេះ ក៏ដូចជាមន្ទីរពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការរំលោភអំណាច ជាពិសេសចូលរួមទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនឱ្យបានល្អបំផុត។
ការលើកបែបនេះ ក្នុងឱកាសលោកប្រធាន បើកកិច្ចប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តក្រចេះ ប្រធានមន្ទីរជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដឹកនាំដោយ លោក វ៉ា ថន អភិបាលអភិបាលខេត្តក្រចេះ ដើម្បីឈ្វេងយល់អំពីប្រសិទ្ធភាព បញ្ហាប្រឈម និងការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដែលធ្វើឡើងនៅថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តក្រចេះ។
ចំពោះបញ្ហាប្រឈម និងសំណូមពរនានាដែលអាជ្ញាធរខេត្ត ពុំអាចដោះស្រាយបាន លោក ម៉ម ប៊ុននាង ថ្លែងថា គណៈប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភា នឹងរាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ក៏ដូចក្រសួងស្ថាប័នពាក់ព័ន្ធពាក់ព័ន្ធ ដើម្បីចាត់វិធានដោះស្រាយឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។
លោក វ៉ា ថន បានជម្រាបជូនគណៈប្រតិភូអំពីទីតាំងភូមិសាស្ត្រ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ការងារសង្គម និងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត។ ក្នុងនោះ ការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើរពុករលួយរដ្ឋបាលខេត្ត បានខិតខំយកចិត្តទុកដាក់បំផុត ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើពុក រលួយគ្រប់ប្រភេទ ជាពិសេសពង្រឹងវិធានការអប់រំ បង្ការ និងទប់ស្កាត់ ដែលធ្វើឱ្យរដ្ឋបាលសាធារណៈកាន់តែមានតម្លាភាព មានប្រសិទ្ធភាព ប្រកបដោយប្រសិទ្ធផល ដើម្បីសម្រេចគោលដៅបម្រើប្រជាជនឱ្យកាន់តែល្អប្រសើរឡើង៕