(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថាន នឹងធ្វើការជាមួយអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (Wild Earth Allies) ដើម្បីដាក់កាមេរ៉ាស្វ័យប្រវត្តិ ថតយកសកម្មភាពសត្វព្រៃនៅដែនជម្រកសត្វព្រៃភ្នំសំកុស ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិសាត់ ក្នុងគោលដៅចម្បងចង់ដឹងពី វត្តមានសត្វព្រៃក្នុងគោលដៅនេះ។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «នៅដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្ដ្រ ខេត្តពោធិសាត់នេះ ក្រសួងបរិស្ថានបានធ្វើការងារជាមួយអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (Wild Earth Allies) ដែលធ្វើការងារដាក់កាមេរ៉ា ស្វ័យប្រវត្តិក្នុងការថតសកម្ម ភាពនៅក្នុងព្រៃនេះ នៅក្នុងនោះគោលដៅចំបងគឺវត្តមានសត្វព្រៃក្នុងគោលដៅភ្នំសំកុសហ្នឹង»។
លោក នេត្រ ភក្ត្រា បានបន្តថា កិច្ចការងារនេះបានធ្វើតាំងតែពីដើមឆ្នាំ២០២០មក ដោយបានសហការជាមួយអង្គការ Wild Earth Allies ដោយក្នុងនោះក្រសួងបានដាក់កាមេរ៉ាដំបូងឡើយ ៩គ្រឿង ហើយបន្ទាប់ទៅគ្រោងនឹងដាក់នូវកាមេរ៉ាបន្ថែមទៀតប្រមាណជា ១០គ្រឿងបន្ថែមទៀត ដែលសរុបកិច្ចការស្រាវជ្រាវវត្តមានសត្វព្រៃនេះនឹងប្រើប្រាស់កាមេរ៉ា សរុបចន្លោះពី២០ ទៅ២៥គ្រឿង ដែលនឹងដាក់ដោយមិនស្ថិតនៅមួយកន្លែងទេ នឹងធ្វើការផ្លាស់ប្តូរៀងរាល់ខែ ហើយការដាក់ទីតាំងនេះនឹងផ្តោត លើរដូវប្រាំង និងរដូវរស្សា គឺដើម្បីអាចដឹងពីវត្តមានរបស់សត្វព្រៃ ថាតើទីជម្រករបស់វាសម្រាប់រដូវប្រាំងនៅកន្លែងណា និងរដូវវស្សានៅកន្លែងណា។
មន្ត្រីនាំពាក្យរូបនេះបន្តថា លទ្ធផលដែលបានចុះពីនិត្យមើលកាមេរ៉ាស្វ័យប្រវត្តិដែលបានដាក់នោះគឺ ថតបាន ដំរីព្រៃ ខ្ទីង ឈ្លុស ស្វាព្រាម ស្វាត្រោស ឆ្កែព្រៃ ឃ្លាឃ្មុំធំ ស្ការធំ ក្ងោក កុកពាក់អំបោះ និងប្រភេទសត្វព្រៃមួយចំនួនទៀត។
គោលបំណងនៃការសិក្សានេះដែរដើម្បីពិនិត្យមើលទៅលើវត្តមានរបស់សត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃនេះ ដើម្បីចង់ដឹងថាមានប្រភេទសត្វព្រៃអ្វីខ្លះ ហើយការដាក់ កាមេរ៉ានេះដែរ នឹងអាចចាប់បានទៅលើសកម្មភាពរបស់មនុស្ស និងបទល្មើសផ្សេងៗនៅក្នុងតំបន់ដែនជម្រក សត្វព្រៃ ភ្នំសំកុសនេះ ដើម្បីអាចចំណត់បានថាមានមនុស្ស ចូលច្រើន និងមានសកម្មភាពភាពអ្វីខ្លះ ដើម្បីអាចផ្តល់របាយការណ៍នេះដល់ក្រុមចុះល្បាត និងបានងាយស្រួលក្នុងការចុះល្បាតដោយទទួលបានព័ត៌មានពាក់ព័ន្ធ ជាមួយនឹងវត្តមានរបស់មនុស្សនៅក្នុងដែនជម្រកសត្វព្រៃនេះ និងវត្តមានសត្វផ្សេងៗ ដើម្បីអាចក្តាប់បាននៅក្នុងកិច្ចការងារការពារ និងអភិរក្ស។
លោកបន្តថា ក្រសួងបរិស្ថាន ក៏បានសហការណ៍ជាមួយនឹងអង្គការដៃគូមួយចំនួន ដើម្បីចូលរួមសហការណ៍ក្នុងការបង្ក្រាបបទល្មើសនេះ។ ការសិក្សាអំពីប្រវត្តិរបស់សត្វ ព្រៃនេះដែរ ក្នុងគោលបំណងសំខាន់ ដើម្បីឱ្យឈានទៅដល់ការធ្វើចំណាត់ថ្នាក់តំបន់ទាំងនេះ ទៅជាតំបន់អភិរក្សតំបន់ស្នូល តំបន់ប្រើប្រាស់ដោយចេរភាព និងតំបន់សហគមន៍ជាដើម ពីព្រោះនេះបើយោងតាមច្បាប់ការពារធម្មជាតិ។
លោក នេត្រ ភក្ត្រា បញ្ជាក់ទៀតថា បើមានវត្តមានសត្វព្រៃច្រើន គឺអាចចាត់ទុកថាជាតំបន់ស្នូល និងតំបន់អភិរក្ស ដែលតំបន់ទាំងនេះមិនអនុញ្ញាតឱ្យចូលបានទេ ព្រោះវាជាទីជម្រករបស់សត្វព្រៃ។ នៅពេលបែកចែកតំបន់នេះ ក៏នឹងមានការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងបង្ហាញភស្តុតាងដល់ពួកគាត់ថា ពួកគាត់នឹងមិនអាចចូល បាន ឫចំណាត់ថ្នាក់តំបន់នេះទៅជាតំបន់សហគមន៍បានទេ ព្រោះមានវត្តមានសត្វព្រៃ ជាពិសេសសត្វកម្រច្រើន ដែលវាពាក់ព័ន្ធជាមួយនឹងការងារការពារ និងអភិរក្សរបស់ក្រសួង៕