(ឧត្តរមានជ័យ)៖ មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានបើកសិក្ខាសាលាផ្សព្វផ្សាយក្របខណ្ឌនិយ័តកម្មគោលការណ៍ណែនាំ ស្តីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការី និងការប្រគល់ជូនវិញ្ញាបត្របញ្ជីការឱសថការីកម្ពុជា ដល់សមាជិក សមាជិកាខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
ពិធីនេះបានប្រព្រឹត្តទៅ ក្រោមវត្តមានលោក បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈឱសថការីកម្ពុជា និងលោកវេជ្ជបណ្ឌិត ឃ្លោក ហួត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្ត លោកស្រី អ៊ុក ច័ន្ទដាឡែន ប្រធានក្រមប្រឹក្សារគណៈឱសថការីខេត្តឧត្តរមានជ័យ។
លោក បាន បុត្តា បានថ្លែងលើកឡើងថា ការអនុវត្តវិជ្ជាជីវៈបន្តសម្រាប់ឱសថការី និងការប្រគល់ជូនវិញ្ញាបនបត្រ បញ្ជីការឱសថការីកម្ពុជា គណៈឱសថការីកម្ពុជាបានអនុវត្តតាមអនុលោមច្បាប់ស្ដីពី ការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ព្រោះថាឱសថការីកម្ពុជាមានតួនាទី ជានិយ័តករក្នុងការបង្កើតលក្ខខណ្ឌ កែតម្រូវនានាសម្រាប់អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រ អមវេជ្ជសាស្ត្រ ក្នុងគោលបំណងដើម្បីជំរុញការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនិងកំណត់និយាមអប្បបរិមា ដើម្បីស្នើសុំបន្តអាជ្ញាប័ណ្ណឱសថការី ក្នុងការផ្ដល់សេវាសុខាភិបាលប្រកបដោយគុណភាពនិងប្រសិទ្ធភាព។
លោកអនុរដ្ឋលេខាធិការ បានថ្លែងបន្តទៀតថា អង្គសិក្ខាសាលាផ្សព្វផ្សាយនៅពេលនេះ ពិតជាមានសារៈសំខាន់ ក្នុងការអនុវត្តកាតព្វកិច្ចនិង ត្រូវខិតខំ ប្រាកដប្រជាវិជ្ជាជីវៈរបស់ខ្លួន ដើម្បីបំពេញបាននូវពិន្ទុ សម្រាប់ការទទួលបាននូវអាជ្ញាប័ណ្ណ ឱសថការីតាមលក្ខខណ្ឌតម្រូវ ដោយសំដៅលើការងារវិជ្ជាជីវៈបន្ត ពាក់ព័ន្ធទៅនឹងការបង្កើនចំណេះដឹងវិជ្ជាជីវៈរបស់ ខ្លួនតាមការផ្ដល់សេវា សុខាភិបាលទៅអ្នកជំងឺ ឬក៏អតិថិជនស្របតាមក្រមសីលធម៌ បទដ្ឋាន ច្បាប់ ប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។
ដោយឡែកលោក វេជ្ជបណ្ឌិត ឃ្លោក ហួត បានឲ្យដឹងថា បច្ចុប្បន្នភាព សមាជិក ឱសថការី នៅក្នុងខេត្តមាន២២នាក់ ដោយឱសថការីឧត្តមមានចំនួន ២០នាក់ស្រី១៥នាក់ និងឱសថការី មធ្យម មានចំនួន ០២នាក់ស្រីទាំង០២។ ស្ថានភាព អាជីវកម្ម ឱសថ បើប្រៀបធៀបទៅនឹងឆ្នាំ២០២០ មានការកើនឡើង ដោយឱសថស្ថានមានចំនួន ១២ និងឱសថស្ថានរងមានចំនួន០៦ តួយ៉ាង ក្នុងឆ្នាំ ២០២១ ឱសថស្ថានមានចំនួន១៨ និងឱសថស្ថានរងមានចំនួន ០៤ផងដែរ៕