(កំពង់ធំ)៖ លោក ខាន់ ខុន សមាជិកគណៈអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពង់ធំ និងជាទីប្រឹក្សាក្រសួងធម្មការ និងសាសនា បានសហការជាមួយក្រុមហ៊ុនប៊ីម៉ារៀលអ៉ីស្ទេត នាំយកអំណោយគ្រឿងឧបភោគបរិភោគទៅចែកជូនប្រជាពលរដ្ឋងាយរងគ្រោះជនចាស់ជរា និងជនពិការសរុបចំនួន ២១០គ្រួសារ ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទបល្ល័ង្ក។
សកម្មភាពនេះធ្វើឡើងនាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីតាំងបីផ្សេងៗគ្នា ដោយមានការចូលរួមពី អាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាច្រើន។
លោក ខាន់ ខុន បានលើកឡើងថា សម្តេចតេជោ ហ៊ុនសែន ជាប្រមុខបានគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់ការជួយសង្គ្រោះអាយុជីវីតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងបានចុះដោយផ្ទាល់នៅទីកន្លែងដែលរងគ្រោះដោយបានចែកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់បានទាន់ពេលវេលា ដោយមិនទុកឲ្យប្រជាជនណាម្នាក់ ស្លាប់ដោយអត់អាហារឡើយ។
លោកបន្តថា ទីណាមានការលំបាក ទីនោះមានរាជរដ្ឋាភិបាល មានសម្តេចតេជោនាយករដ្ឋមន្រ្តី និងមានសប្បុរសជនទាំងក្នុង និងក្រៅប្រទេស តាមជួយប្រជាពលរដ្ឋជានិច្ច ហើយសម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចប្រជាពលរដ្ឋកម្ពុជាម្តងណាឡើយ។
លោក ខាន់ ខុន បានថ្លែងអំណរគុណដល់ក្រុមហ៊ុនប៊ីម៉ារៀលអ៉ីស្ទេត (BemaReal Estate co.Ltd) និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ ដែលតែងតែជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដើម្បីចូលរួមក្នុងការដោះស្រាយជាមួយនឹងរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តផងដែរ។
លោក ខាន់ ខុន ក៏បានជំរុញដល់ប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដោយចូលរួមអនុវត្តវិធានការពារនិងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ តាមរយៈការលាងដៃឲ្យបានញឹកញាប់ជាប្រចាំជាមួយសាប៊ូ ទឹកស្អាត ត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃដោយយកចិត្តទុកដាក់រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំពិសេស បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ និងត្រូវពាក់ម៉ាស់ ឬក្រមាពេលចេញក្រៅផ្ទះជាដើម។
លោកថែមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រើប្រាស់ទឹកដោយមានការសន្សំសំចៃខ្ពស់ និងចេះសម្របសម្រួលការបែងចែកប្រើប្រាស់ទឹកឲ្យបានត្រឹមត្រូវ ចំពោះគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដើម្បីឲ្យប្រជាពលរដ្ឋ ទទួលបាននូវចំណេះដឹងច្បាស់លាស់ កុំឲ្យមានបញ្ហាអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានផ្សេងៗ ដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បំផុត។
សូមបញ្ជាក់ថា អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់លោក ខាន់ ខុន និងក្រុមហ៊ុន ប៊ីម៉ារៀលអ៉ីស្ទេត ដែលបាននាំយកអំណោយមកចែកជូនក្នុងគ្រាដែលជួបការលំបាកនេះ។
ពលរដ្ឋដែលទទួលបានអំណោយរួមមាន៖ ពលរដ្ឋនៅក្នុងស្រុកកំពង់ស្វាយ ៧០គ្រួសារ, ស្រុកប្រាសាទបល័ង្ក ១៤០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ និងអាហារបំប៉នផងដែរ៕