(ភ្នំពេញ)៖ កម្មវិធីប្រកួតប្រជែងការធ្វើអាជីវកម្ម (MOC ១០១) ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម បានឈានដល់វគ្គផ្តាច់ព្រ័ត្រ ហើយនៅថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ស្អែកនេះ។ ការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រនេះ មានបេក្ខជនឆ្នើម ១៧ក្រុម នឹងប្រកួត ប្រជែងធ្វើបទបង្ហាញអំពីអាជីវកម្ម ទៅកាន់វិនិយោគិន ដើម្បីទាក់ទាញវិនិយោគិនឲ្យចូលរួមក្នុងគម្រោងវិនិយោគរបស់ពួកគេ។
ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល នឹងអញ្ជើញបើកការប្រកួតនេះដោយផ្ទាល់នៅព្រឹកថ្ងៃស្អែកនេះ និង មានការចូលរួមពីអាជីវករ និងពាណិជ្ជករប្រមាណជា ១០០នាក់។
កម្មវិធីប្រកួតប្រជែងធ្វើពាណិជ្ជកម្ម MOC ១០១ គឺជាគំនិតផ្តួចផ្តើមមួយរបស់ក្រសួងពាណិជ្ជកម្ម មានគោលបំណងផ្តល់ការអប់រំ និង លើកទឹកចិត្តដល់ការចាប់ផ្តើមដំណើរការអាជីវកម្មដំបូងរបស់សហគ្រិន តាមរយៈការបណ្តុះបណ្តាល និង ប្រឹក្សាយោបល់។ MOC ១០១ មានគោលបំណងបង្កើនសមត្ថភាពអាជីវករ ពាណិជ្ជករ តាមរយៈការផ្តល់នូវគោលគំនិតល្អៗ សំខាន់ៗ ទៅលើការចាប់ផ្តើម អាជីវកម្មដំបូង និង អាជីវកម្ម ដែលមានស្រាប់ តាមការបណ្តុះបណ្តាល និង ហ្វឹកហ្វឺនផ្សេងៗ។
កម្មវិធីប្រកួត MOC ១០១ បានចែកចេញជាបួនដំណាក់កាលរួមមាន៖ វគ្គចាប់ផ្តើមដំបូង (Boot Camp) វគ្គបណ្តុះបណ្តាលភ្ញាស់ គំនិតអាជីវកម្ម (Incubation) វគ្គការផ្សព្វផ្សាយនៅលើទីផ្សារ (Market Day) និងវគ្គផ្តាច់ព្រ័ត្រ (Final Pitch)។
គ្រប់ដំណាក់កាល នៃការប្រកួតប្រជែង បានផ្តល់ចំណេះដឹងឲ្យកាន់តែស៊ីជម្រៅដល់សហគ្រិន អំពីសារៈសំខាន់ នៃការបង្ហាញគំនិត អាជីវកម្មទៅទៅកាន់ដៃគូប្រកបដោយប្រសិទ្ធិភាព ការកសាងផែនការអាជីវកម្មដ៏រឹងមាំក្នុងក្របខណ្ឌការងារ ដើម្បីវាយតម្លៃលទ្ធភាព ជោគជ័យរយៈពេលវែង របៀបស្វែងរកមូលនិធិគាំទ្រគម្រោងអាជីវកម្ម វិធីស្វែងរកទីផ្សារតាមប្រព័ន្ធអនឡាញ និង កត្តាដទៃទៀត ជំរុញឲ្យការចាប់ផ្ដើមអាជីវកម្មមួយទទួលបានជោគជ័យ។
សហគ្រិនដែលជាបេក្ខជនចំនួន ៨៩ក្រុម ក្នុងចំណោម ១៤៥ក្រុម ពីវគ្គ Boot Camp ទាំងបួនផ្នែករួមមាន៖ «សហគ្រិនដែលមាន គំនិតច្នៃប្រឌិត» «សហគ្រិនផ្នែកកសិកម្ម» «សហគ្រិនផ្នែកអាជីវកម្មទូទៅ» និង «សហគ្រិនផ្នែកបច្ចេកវិទ្យា» ត្រូវបានជ្រើសរើសឲ្យ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលហ្វឹកហ្វឺនភ្ញាស់គំនិតផ្នែកអាជីវកម្ម។ វគ្គបណ្តុះបណ្តាលដែលមាន ៦ប្រធានបទនេះ ត្រូវបានបង្រៀន ដោយបណ្តាសហគ្រិនជោគជ័យបំផុតរបស់កម្ពុជា រយៈពេលពីរខែ។
សហគ្រិនចំនួន ៤៥ក្រុម ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលខាងលើដោយជោគជ័យ ត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតប្រជែងវគ្គ ផ្សព្វផ្សាយទីផ្សារ ដោយដាក់បង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួនរៀងៗខ្លួន នាឱកាស នៃកម្មវិធីតាំងពិព័រណ៍ ភូមិមួយផលិតផល មួយកាលពីចុងឆ្នាំ២០១៥។
នៅព្រឹកថ្ងៃសៅរិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ស្អែកនេះ គឺជាវគ្គផ្តាច់ព្រ័ត្រ «ធ្វើបទបង្ហាញអំពីអាជីវកម្ម ទៅកាន់វិនិយោគិន»។ អ្នកប្រ កួតប្រជែងចំនួន ១៧ក្រុមជម្រុះចុងក្រោយ ដែលជាបេក្ខជនឆ្នើមជាងគេ នឹងមានរយៈពេល ១០នាទី ធ្វើបទបង្ហាញ ចំពោះមុខបណ្តា វិនិយោគិន ដ៏មានសក្តានុពលរបស់កម្ពុជា។ អ្នកប្រកួតប្រជែងទាំង ១៧ក្រុមនេះ ត្រូវប្រឹងប្រែងធ្វើបទបង្ហាញយ៉ាងណា ឲ្យមានការ ទាក់ទាញពីវិនិយោគិន ដើម្បីឲ្យផ្តល់ការសហការគាំទ្រធ្វើពាណិជ្ជកម្ម និងផ្តល់នូវមូលនិធិហិរញ្ញប្បទានដល់ពួកគេ។ ក្រុមបេក្ខជននី មួយៗ អាចស្វែងរកឱកាសក្នុងការបង្កើតទំនាក់ទំនងអាជីវកម្ម ពាណិជ្ជកម្ម នៅក្នុងអំឡុងពេលសម្រាកញុំាអាហារសម្រន់ ដែលនឹង មានការចូលរួមពីអាជីវករ និង ពាណិជ្ជករជាង ១០០នាក់៕