(ភ្នំពេញ)៖ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងថា ក្រោយជួបវិបត្ដិកូវីដ-១៩ វិស័យទេសចរណ៍កម្ពុជា នៅក្នុងឆ្នាំ២០២១នេះ នៅមិនទាន់មានអ្វីកម្រើកនៅឡើយទេ ទាល់តែឆ្នាំក្រោយ ទើបអាចដំណើរការឡើងវិញបានខ្លះៗ។
លោកស្រី ឆាយ ស៊ីវលីន បានបន្ថែមទៀតថា ទោះបីជាមិនទាន់មានអ្វីកម្រើក នៅក្នុងវិស័យទេសចរណ៍ នៅក្នុងឆ្នាំ២០២១នេះមែន ប៉ុន្ដែកម្ពុជា អាចបង្ហាញទៅដល់ភ្ញៀវអន្ដរជាតិថា កម្ពុជាបានចាប់ផ្ដើម ចាក់វ៉ាក់សាំងជាបណ្ដើរៗ ហើយ។
ការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវលីន លើវិស័យទេសចរណ៍ ក្នុងប្រទេសកម្ពុជាខាងលើនេះ ធ្វើឡើងក្នុងកម្មវិធីភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទ «អនាគតវិស័យទេសចរណ៍កម្ពុជា ក្រោយការមកដល់វ៉ាក់សាំងកូវីដ-១៩»។
លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់យ៉ាងដូច្នេះថា «នាងខ្ញុំគិតថា ឆ្នាំ២០២១នេះ ដូចជាមិនទាន់មានអ្វីកម្រើកទេ [ទេសចរណ៍] គ្រាន់តែថា យើងអាចបង្ហាញ ទៅដល់ភ្ញៀវអន្ដរជាតិថា យើងកំពុងតែ ត្រូវបានចាក់វ៉ាក់សាំងជាបណ្ដើរៗ»។
បន្ថែមពីនោះទៀត ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានបញ្ជាក់ឲ្យដឹងថា កម្ពុជានឹងអាចដំណើរការឡើងវិញបានខ្លះៗ ក្នុងវិស័យទេសចរណ៍ ក្រោយជួបវិបត្ដិកូវីដ-១៩ នៅក្នុងឆ្នាំ២០២២ ឬក៏ចាប់ពីពាក់កណ្ដាល ឆ្នាំ២០២២ឡើងទៅ។
លោកស្រី ឆាយ ស៊ីវលីន យល់ឃើញថា អ្នកដំណើរទាំងអស់ នៅលើជុំវិញពិភពលោក នៅមានការភ័យខ្លាច ចំពោះបញ្ហាកូវីដ-១៩ ហើយម៉្យាងទៀត ការចាក់វ៉ាក់សាំងកូវីដ-១៩ ក៏មិនទាន់មានភាពទូលំទូលាយ។
លោកស្រី ឆាយ ស៊ីវលីន បានថ្លែងថា មនុស្សនៅបាក់ស្មារតីនៅឡើយ ដោយសារតែមិនដែលជួបមិនដែលប្រទះ នូវវិបត្ដិបែបនេះ ហើយការឆ្លងរីករាលដាល ដ៏សាហាវនេះ ធ្វើឲ្យពិភពលោក ស្ទើរតែបាត់បង់អ្នកធ្វើដំណើរ ស្ទើរ១០០ភាគរយ ក្នុងការធ្វើដំណើរពីប្រទេសមួយ ទៅប្រទេសមួយ។
បើតាមប្រធានសមាគម ទីភ្នាក់ងារទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ទៀតថា តាមការប្រមើមើលរបស់លោកស្រី, ប្រទេសកម្ពុជា អាចទទួលបានតែភ្ញៀវទេសចរអន្ដរជាតិ នៅក្នុងប្រទេសអាស៊ានតែប៉ុណ្ណោះ ព្រោះថាភ្ញៀវទេសចរនៅតំបន់ឆ្ងាយ មិនងាយនឹងហោះហើរមកឆ្ងាយៗទេ។
គូសបញ្ជាក់ថា យោងតាមតួលេខពី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានឲ្យដឹងថា អ្នកដំណើរតាមអាកាសយានដ្ឋានអន្តរជាតិចំនួន៣របស់កម្ពុជា ក្នុងឆ្នាំ២០២០កន្លងទៅនេះ បានធ្លាក់ចុះយ៉ាងកំហុក ប្រមាណជា៧៩ភាគរយ។
តាមតួលេខបានឲ្យដឹងថា អ្នកដំណើរក្នុងស្រុក, អន្តរជាតិ និងអ្នកដំណើរឆ្លងកាត់សរុបមានចំនួន ២.១៣លាននាក់ នៅក្នុងឆ្នាំ២០២០ ធ្លាក់ចុះ៧៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលឲ្យដឹងទៀតថា
១៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានអ្នកដំណើរ១.៣០លាននាក់ ក្នុងឆ្នាំ២០២០ ធ្លាក់ចុះ៧៦ភាគរយ។
២៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទទួលបានអ្នកដំណើរចំនួន ៦១៨,៦៦៣នាក់ ក្នុងឆ្នាំ២០២០ ធ្លាក់ចុះ៨៣ភាគរយ។
៣៖ អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ទទួលបានអ្នកដំណើរចំនួន២១៤,៩៦៩នាក់ ធ្លាក់ចុះ៨៦.៣ភាគរយ។
សម្រាប់ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសទាំង៣ ក៏ធ្លាក់ចុះ៣១ភាគរយផងដែរ។ ក្នុងនោះកម្ពុជា ទទួលបានការដឹកជញ្ជូនទំនិញ ចំនួន៤៩,៩៨៣តោន ធ្លាក់ចុះ៣១ភាគរយ៕