ចិន៖ ប្រធានាធិបតីតៃវ៉ាន់ថ្មី ត្រូវតែគោរពរដ្ឋធម្មនុញ្ញរបស់ខ្លួន
26-02-2016 12:32
(ប៉េកាំង)៖ អំឡុងពេលបំពេញទស្សនកិច្ច នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែលជាមិត្តជិតស្និត របស់កោះតៃវ៉ាន់នោះ លោក វ៉ាង យី (Wang Yi) ក្នុងនាមជារដ្ឋមន្ត្រីការបរទេសចិន បានប្រាប់ទៅកាន់ប្រធានាធិបតីតៃវ៉ាន់ ដែលទើបជាប់ឆ្នោតថ្មីៗ គឺលោកស្រី ត្សៃ អ៊ីវិន (Tsai Ing-wen) ថា ចិនដីគោក និងកោះតៃវ៉ាន់ គឺជាចិនតែមួយ ហើយចំណុចនេះក៏មានចែងយ៉ាងច្បាស់ នៅក្នុងរដ្ឋធម្មនុញ្ញរបស់កោះតៃវ៉ាន់ខ្លួនឯងផងដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។
លោក វ៉ាង បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដូច្នេះថា «ប្រធានាធិបតីតៃវ៉ាន់ថ្មីលោកស្រី ត្សៃ អ៊ីងវិន ត្រូវតែគោរពរដ្ឋធម្មនុញ្ញរបស់កោះនេះផ្ទាល់ ដែលក្នុងនោះមាន ចែងថា ទាំងចិនដីគោក និងកោះតៃវ៉ាន់ គឺជាផ្នែករបស់ប្រទេសចិនទាំងអស់។ កោះតៃវ៉ាន់គ្រាន់តែជាខេត្តមួយ ដ៏រឹងទទឹងរបស់ប្រទេសចិនតែប៉ុណ្ណោះ»។
ការលើកឡើងពីមន្ត្រីជាន់ខ្ពស់ចិនខាងលើនេះ គឺជាការឆ្លើយតបទៅនឹងគណបក្សរបស់លោកស្រី ត្សៃ ដែលកាលពី អំឡុងពេលនៃយុទ្ធការឃោសនាបោះឆ្នោត នោះលោកស្រីបានលើកឡើងពីបញ្ហាទាក់ទងនឹងឯករាជ្យភាពរបស់ កោះតៃវ៉ាន់ ក៏ព្រោះតែលោកស្រីជាអ្នកដែលបានសិក្សារៀនសូត្រ និងមានគំនិតនេះនៅក្នុងឆាកនយោបាយ របស់ខ្លួនជាយូរមកហើយ៕